(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានប្រកាសថាខ្លួននឹងលុបចោលការរឹតបន្តឹងមួយចំនួនដែលបានអនុវត្តចំពោះគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump។ ប្រកាសនេះ ត្រូវបានគេមើលឃើញថា កើតឡើងបន្ទាប់ពីលោក Trump ចូលខ្លួនបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២៤ ដែលត្រៀមនឹងដាក់ឈ្មោះជាផ្លូវការជាបេក្ខភាពនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Meta បានដកហូតសិទ្ធិចូលប្រើ Facebook និង Instagram របស់លោក Trump ចាប់តាំងពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១មកម្លេះ បន្ទាប់ពីមានការវាយប្រហារមកលើសភាសហរដ្ឋអាមេរិកពីសំណាក់អ្នកគាំទ្ររបស់លោក ហើយលោកត្រូវបានចោទប្រកាន់ពីបទបង្ហោះសារញុះញង់បង្កឱ្យមានអំពើរហិង្សា។ តែយ៉ាងណាមេធំ Meta បានបញ្ចូលគណនីរបស់លោក Trump ឡើងវិញនៅដើមឆ្នាំ២០២៣ ខណៈពេលនោះបានគូសបញ្ជាក់ថា ខ្លួននឹងតាមដានការបង្ហោះរបស់លោក ប្រសិនបើមានករណីរំលោភបំពានខុសគោលការណ៍ទៀត អាចនឹងបណ្តាលឱ្យមានការពិន័យកាន់តែធ្ងន់ក្នុងនោះអាចនឹងព្យួរគណនីចន្លោះពីមួយខែ ទៅមួយឆ្នាំ អាស្រ័យលើបទល្មើស។
យោងតាមបង្ហោះប្លុករបស់ Meta នាពេលថ្មីនេះ ក្រុមហ៊ុនបានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតបន្ថែមទាំងនេះ ដោយបញ្ជាក់ថា «ខ្លួនមានទំនួលខុសត្រូវក្នុងការធានាថា ប្រជាជនអាមេរិកអាចស្តាប់ និងទទួលបានដំណឹងពីការបោះឆ្នោតតែងតាំងប្រធានាធិបតី ដោយផ្អែកលើមូលដ្ឋានដូចគ្នា»។
គួរជម្រាបដែរថា ការសម្រចចិត្តលុបចោលការរឹតបន្តឹងនេះកើតឡើងមុនរយៈពេល ៥ខែពីការបោះឆ្នោតសហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕