(ភ្នំពេញ)៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានឡើងក្រុម III (Group III) នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោកប្រចាំតំបន់អាស៊ី/អូសេអានី (Davis Cup Asia/Oceania) ឆ្នាំ២០២៥ នៅកម្ពុជា ក្រោយយកឈ្នះក្រុមជម្រើសជាតិកាតា ដោយលទ្ធផល ២-០ ក្នុងវគ្គខ្វែង នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
គួរដឹងថា ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល B ក្រុមម្ចាស់ផ្ទះកម្ពុជា បានឡើងជួបក្រុមកាតា ដែលឈរលេខ១ ពូលA ។ ជាលទ្ធផលកម្ពុជា បានយកឈ្នះកាតា ២ប្រកួតជាប់ៗគ្នា លើវិញ្ញាសាឯកត្តជន ក្នុងកីឡាករ ប៊ុន កេន្នី បានយកឈ្នះកីឡាករកាតា Nawaf Rashed ២-០ សិត (៦-៣ និង ៦-៤) និងកីឡាករ ឡេង សារិនរាជ បានវាយបកឈ្នះកីឡាករកាតា Zayid, Mubarak Shannan ២-១សិត (១-៦, ៦-៣ និង ៦-៣) ។
ជាមួយជម្នះនេះ នាំឲ្យក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា ទទួលបានកៅអីក្រុម III ដោយស្វ័យប្រវត្តិ មិនបានឆ្លងកាត់ការប្រកួតវិញ្ញាសាវាយគូនោះឡើយ ។ ដូច្នេះកម្ពុជា នឹងឡើងទៅក្រុម III ជាមួយក្រុមជម្រើសជាតិស្រីលង្ការ នៃព្រឹត្តិការណ៍ Davis Cup Asia/Oceania 2025 បន្ទាប់ពីក្រុមស្រីលង្ការ ដែលឈរលេខ២ ពូលA បានយកឈ្នះក្រុមកំពូលតារាងពូលB គឺក្រុមគុយវ៉ែត ដោយលទ្ធផល ២-០ ដូចគ្នា នៅរសៀលថ្ងៃសៅរ៍នេះ ៕