(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championship) ឆ្នាំ២០២៤ និងជាព្រឹត្តិការណ៍ប្រវត្តិថ្មីលើដែនដីកម្ពុជា បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតអស់រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។ នេះបើតាម NOCC បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតនាល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ។

សូមជម្រាបផងថា ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ខាងលើ កម្ពុជាបានទទួលមេដាយសរុប ១៥គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៨គ្រឿង ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ពិសេសវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកផ្លូវការ ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះ ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា «ក្នុងនាមសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងបានប្រកាសបើកការប្រកួតជាផ្លូវការ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Gordon Tang អនុប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) និងជាប្រធានសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA) សម្រាប់ការគាំទ្រ និងផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ» ។

«ហើយជាការពិតណាស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូទាំងអស់ កីឡាករ និងកីឡាការិនី អ្នកឧបត្ថម្ភ អ្នកស្ម័គ្រចិត្ត និងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានធ្វើឱ្យការប្រកួតជើងឯកនេះ អាចប្រព្រឹត្តទៅបាន។ ការលះបង់ និងចំណង់ចំណូលចិត្តរបស់អ្នកចំពោះកីឡា MMA ពិតជាបានធ្វើឲ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ និងមិនអាចបំភ្លេចបាន» ។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម ។

តាមរយៈជោគជ័យ នៃព្រឹត្តិការណ៍នេះដែរ លោកបានស្នើឲ្យបន្តគាំទ្រ និងផ្សព្វផ្សាយក្បាច់គុនចម្រុះក្នុងស្មារតីនៃការបង្រួបបង្រួម និងកីឡា។ ថ្លែងក្នុងពិធីបិទការប្រកួតនៅល្ងាចថ្ងៃសៅរ៍នេះដែរ បន្ថែមថា មិត្តភ័ក្តិ និងអ្នកចូលរួមជាទីស្រឡាញ់ ខណៈនេះ ព្រឹត្តិការណ៍ AMMA Championship លើកទី២ នៅកម្ពុជា បានឈានចូលមកដល់ទីបញ្ចប់ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នា ធ្វើដំណើរទៅស្រុកកំណើតដោយសុវត្ថិភាព។ អរគុណអ្នកទាំងអស់គ្នា ហើយសង្ឃឹមថានឹងបានជួបគ្នាលើកក្រោយទៀត។ សូមអរគុណ!» ៕