(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ប្រព័ន្ធសារព័ត៌មានគឺជាផ្នែកដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន អំពីព្រឹត្តិការណ៍ទាំងឡាយដែលកើតមានឡើងក្នុងសង្គម ទៅកាន់សាធារណជនទាំងអស់ ឱ្យបានដឹងអំពីហេតុការណ៍ ដែលកំពុងកើតមាន ដោយការផ្សព្វផ្សាយទាំងនេះអាចធ្វើឡើងតាមរយៈមធ្យោបាយជាច្រើន រួមមាន ការផ្សាយបន្តផ្ទាល់តាមរយៈ ប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ និង ប្រព័ន្ធបណ្តាញសង្គមផ្សេងៗ ។

ការផ្សព្វផ្សាយព័ត៌មានជាការរួមចំណែកដល់សង្គមផងដែរ ក្នុងការផ្តល់ព័ត៌មានពីបញ្ហា ឬ ក្តីកង្វល់ របស់ប្រជាពលរដ្ឋ ទៅកាន់ស្ថាប័នថ្នាក់ជាតិ ឬ អាជ្ញាធរ ដែលមានសមត្ថកិច្ច និង ផ្តល់ព័ត៌មានត្រលប់ពី ស្ថាប័នថ្នាក់ជាតិ ទៅកាន់ប្រជាពលរដ្ឋផងដែរ ក្រៅពីនេះប្រព័ន្ធសារព័ត៌មាន ក៏ជាការរួមចំណែកការពង្រីកចំណេះដឹងដល់ប្រជាជនគ្រប់រូបក្នុងសង្គមផងដែរ ទោះបីជាប្រព័ន្ធសារព័ត៌មានមានសារៈសំខាន់យ៉ាងណាក៏ដោយស្ថិតក្រោមច្បាប់នៃប្រទេសកម្ពុជា អ្នកវិជ្ជា
ជីវៈសារព័ត៌មាន ត្រូវគោរពតាមបទប្បញ្ញត្តិដែលមានចែងជាធរមាន ដោយសកម្មភាពមួយចំនួន អាចរាប់បញ្ចូលជាការញុះញង់ឱ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មានទៀតផង ។

តើអ្វីទៅជាការញុះញង់ឱ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាន ? តើសកម្មភាពណាខ្លះដែលជាទម្រង់នៃការញុះញង់ឱ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាន? តើការញុះញង់ឱ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មានត្រូវផ្តន្ទាទោសដោយរបៀបណា ?

ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានយកប្រធានបទស្ដីពី «បទញុះញង់ឱ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាន» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។

បុគ្គលដែលប្រកបវិជ្ជាជីវៈជាអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ ក្រមសីលធម៌ជាអ្នកសារព័ត៌មាន និង គោរពតាមបទប្បញ្ញត្តិ ដែលចេញដោយស្ថាប័ន មានសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន។ បុគ្គលដែលប្រកបវិជ្ជាជីវៈជាអ្នកសារព័ត៌មានមិនត្រូវធ្វើការផ្សព្វផ្សាយ ឬ ប្រព្រឹត្តនូវសកម្មភាព ដែលច្បាប់បានហាមនោះទេ ។

អំពើញុះញង់ឱ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាន គឺជា ការបោះពុម្ព និង ផ្សព្វផ្សាយនូវអ្វីដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដោយញុះញង់ដោយផ្ទាល់ឱ្យមនុស្សម្នាក់ ឬ ច្រើនអ្នកប្រព្រឹត្តអំពើហិង្សា។ នេះបើយោងតាមមាត្រា១១ នៃច្បាប់ស្តីពី របបសារព័ត៌មាន។

សកម្មភាពដែលចាត់ទុកជាអំពើញុះញង់ឱ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាន រួមមាន សំណេរ ឬ គំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវបានផ្សព្វផ្សាយ នៅក្នុងចំណោមសាធារណៈ ដែលសំណេរ ឬ គំនូរ ទាំងនោះ ជាហេតុនាំឱ្យអ្នកដទៃប្រព្រឹត្តអំពើដែលបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នឹងនាំឱ្យមាន ការរើសអើង គុំកួន ឬ អំពើហិង្សា ចំពោះបុគ្គលណាម្នាក់ ឬ ក្រុមណាមួយ ដោយសារមូលហេតុណាមួយ ។ អំពើញុះញង់ឱ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាន ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពីមួយលានរៀល ( ១.០០០.០០០ រៀល ) ដល់ ប្រាំលានរៀល ( ៥.០០០.០០០ រៀល ) ។

សរុបមក អំពើញុះញង់ឱ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាន គឺជាការប្រព្រឹត្តនូវទង្វើ ឬ សកម្មភាពដែលធ្វើឡើងដោយអ្នកសារព័ត៌មាន តាមរយៈ ការបោះពុម្ព ឬ ផ្សព្វផ្សាយ និង តាមមធ្យោបាយផ្សេងៗទៀត ធ្វើឡើងជាសារធារណៈ ក្នុងន័យញុះញង់ឱ្យមនុស្សម្នាក់ ឬ ច្រើននាក់ មានការរើសអើង គុំកួន ឬ ប្រព្រឹត្តអំពើហិង្សា ទៅលើអ្នកដទៃដោយសារតែមូលហេតុអ្វីមួយ អ្នកសារព័ត៌មានរូបណាដែលប្រព្រឹត្តអំពើដូចមានរៀបរាប់ខាងលើនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ថន ផានិត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ទំព័រហ្វេសប៊ុក៖ Cambodia International Cooperation Law Firm ៕