(ឡុងដ៏)៖ ក្លិប Manchester United បានសម្រេចកិច្ចព្រមព្រៀងជាមួយក្លិប Bologna ក្នុងទិញយកបានកីឡាករ Joshua Zirkzee ក្នុងតម្លៃប្រមាណ ៣៦.៥៤លានផោន ដែលជាខ្សែប្រយុទ្ធថ្មីក្រោមការដឹកនាំដោយលោក Erik Ten Hag ។ នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។
កីឡាករមានវ័យ ២៣ឆ្នាំសញ្ជាតិហូឡង់ Joshua Zirkzee បានចុះកិច្ចសន្យាលេងរយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Old Trafford ជាមួយនិងជម្រើសបន្ថែម ១២ខែទៀត ហើយរូបគេក៏ក្លាយកីឡាករដំបូង ដែលបានសម្រេចការចុះហត្ថលេខា គិតចាប់តាំងពីលោក Sir Jim Ratcliffe បានក្លាយជាសហម្ចាស់ក្លិប ក្រោយពីការទិញភាគហ៊ុន 27.7% នៅក្នុងក្លិបកាលពីខែធ្នូ ឆ្នាំ២០២៣។
Joshua Zirkzee ជាខ្សែប្រយុទ្ធដែលបានស៊ុតបាល់បញ្ចូលទី ១២គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៧ប្រកួតកាលពីរដូវកាលមុន រួមចំណែកជួយក្លិប Bologna ដែលស្ថិតក្នុងក្របខ័ណ្ឌលីគ Serie A ដណ្តើមបានកៅអីលេងក្នុងក្របខ័ណ្ឌ Champions League រដូវកាល២០២៤-២៥ ។
រំលឹកផងថា Zirkzee ធ្លាប់បានចូលរួមជាមួយក្លិប Bayern Munich ផ្ទេរមកពីក្លិប Feyenoord ក្នុងឆ្នាំ២០១៧ មុនពេលបន្តផ្លាស់ទៅក្លិប Bologna នៅក្នុងតម្លៃប្រហែល ៧.១៥លានផោន ក្រោយពេល ៥ឆ្នាំដោយបានលេងខ្ចីជើងជាមួយ Parma និង Anderlecht និងលេងបាន ២ប្រកួតនៅ Euro 2024 ផងដែរ៕