(បរទេស)៖ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google នោះ ត្រូវបានរាយការណ៍មកថា កំពុងស្ថិតនៅក្នុងការពិភាក្សាដ៏មានសារសំខាន់មួយ ដើម្បីទិញយកក្រុមហ៊ុនជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិត (Cybersecurity) ដែលមានឈ្មោះថា Wiz ក្នុងតម្លៃប្រហែល ២៣ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពផ្ទៃក្នុងដែលដឹងពីបញ្ហានេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចព្រមព្រៀងទិញលក់នេះ ត្រូវបានផ្តល់មូលនិធិភាគច្រើនជាសាច់ប្រាក់ ដែលអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុនជំនាញផ្នែកសុវត្ថិភាពតាមអ៊ីធឺណេត Wiz ត្រូវបានបង្កើតឡើងក្នុងប្រទេសអ៊ីស្រាអែល ហើយឥឡូវនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក គឺជាក្រុមហ៊ុនមួយដែលមានការចាប់ផ្តើមដំណើរការយ៉ាងរីកចម្រើនបំផុតនៅទូទាំងពិភពលោក ដោយផ្តល់នូវដំណោះស្រាយសុវត្ថិភាពតាមអ៊ីនធឺណិត មានសមត្ថភាពរកឃើញការគំរាមកំហែងទាន់ពេលវេលា និងការឆ្លើយតបដែលដំណើរការដោយបញ្ញាសិប្បនិម្មិតជាដើម។ ប្រសិនបើ Alphabet ឈានទៅមុខមួយជំហានទៀត តាមរយៈកិច្ចព្រមព្រៀងទិញលក់មួយនេះ នឹងធ្វើឲ្យក្រុមហ៊ុននេះក្លាយជាឧទាហរណ៍ដ៏កម្រមួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលព្យាយាមស្វែងរកកិច្ចព្រមព្រៀងបែបនេះ ចំពេលមានការត្រួតពិនិត្យបទប្បញ្ញត្តិកាន់តែខ្លាំងឡើងនៃវិស័យនេះ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និយតកររបស់សហរដ្ឋអាមេរិក បានបង្ហាញពីការមិនពេញចិត្តចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលតែងតែទិញយកក្រុមហ៊ុននានាដូចខាងលើនេះ។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញព័ត៌មាននេះ ទាំងក្រុមហ៊ុន Alphabet និង Wiz មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរជម្រាបថា Wiz រកចំណូលបានប្រហែល ៣៥០លានដុល្លារក្នុងឆ្នាំ២០២៣។ Wiz ធ្វើការជាមួយក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ជាច្រើនដូចជា Microsoft , Amazon និងរាប់ក្រុមហ៊ុនពី Morgan Stanley ទៅ DocuSign ជាដើម។ ជាមួយនឹងបុគ្គលិក៩០០ នាក់នៅទូទាំងសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងអ៊ីស្រាអែល Wiz បានធ្លាប់និយាយថា ខ្លួនគ្រោងនឹងបន្ថែមបុគ្គលិកចំនួន៤០០នាក់ នៅទូទាំងពិភពលោកនៅឆ្នាំ២០២៤៕