(វ៉ាស៊ីនតោន)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បន្តការពារតំណែងជើងឯកពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន CONMEBOL Copa America 2024 បានសម្រេច នៅពេលយកឈ្នះគូប្រជែងកូឡុំប៊ី ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដងនាព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅកម្ពុជា) ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។

នេះជាកំណត់ត្រាលើកទី១៦ ដែលពពកសអាហ្សង់ទីន ដណ្តើមបានជើងឯក Copa នាំមុខអ៊ុយរ៉ូហ្គាយ ដែលធ្លាប់ឈ្នះបាន ១៥លើក។

១គ្រាប់ជ័យជម្នះក្នុងម៉ោងថែម ១៥នាទី ២ដង ក្រោយប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ០-០ គឺជាការធ្វើបានដោយកីឡាករ Lautaro Martinez និងជាគ្រាប់ទី៥ របស់ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបអាជីព Inter Milan នៃប្រទេសអ៊ីតាលីផងដែរ។

យ៉ាងណាក៏ដោយ នេះក៏ជាពានទី២ ផងដែរសម្រាប់អាហ្សង់ទីន ស្ថិតក្រោមការបង្វឹករបស់លោក Lionel Scaloni បន្ទាប់ពីគ្រងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតារួចមកនាអំឡុងខែធ្នូ ឆ្នាំ២០២២។ ពួកគេត្រៀមជួបក្រុមខ្លាំងនៅអឺរ៉ុប អេស្ប៉ាញ ដែលជាម្ចាស់ពាន Euro 2024 ក្នុងកម្មវិធី FIFA International Confederation Cup 2025 ជាពានបើកសម្ពោធព្រឹត្តិការណ៍ World Cup 2026៕