(ភ្នំពេញ)៖ លោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា រំពឹងថា ម្ចាស់ផ្ទះថៃ នឹងដាក់ប្រភេទកីឡាជឺជីតស៊ូ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ វិញ ។ ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានទទួលសញ្ញាណវិជ្ជមានពីកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធក្នុងតំបន់ ស្របពេលសមាគមកីឡាជឺជីតស៊ូថៃ ក៏បានជំរុញភាគីម្ចាស់ផ្ទះផ្ទាល់ ដើម្បីសម្រេចដាក់ប្រភេទកីឡាដ៏មានសក្ដានុពលនេះផងដែរ ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីមន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តរបស់ក្រុមប្រតិភូ និងអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ក្រោយបញ្ចប់ការប្រកួត ASIAN Regional Championship Southeast Asia ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗ ដោយក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសរុប ២១គ្រឿង រួមមានមេដាយមាស ៩ ប្រាក់ ៤ និងសំរឹទ្ធ ៨ ។
អនុប្រធានសហព័ន្ធដដែល បានបញ្ជាក់ថា ពាក់ព័ន្ធវត្តមានកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣៣ ហាក់មានភាពស្រពេចស្រពិល បន្ទាប់ពីម្ចាស់ផ្ទះថៃ ប្រកាសមិនដាក់កីឡានេះក្នុងការប្រកួត ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេហ៍ កាលពីខែមិថុនាកន្លងទៅ ។ ប៉ុន្ដែព័ត៌មានចុងក្រោយ ដែលសហព័ន្ធទទួលបាន ហាក់មានសញ្ញាណវិជ្ជមាន ដែលកីឡាជឺជីតស៊ូ អាចនឹងត្រូវដាក់ឲ្យមានក្នុងការប្រកួតកីឡាស៊ីហ្គេមឡើងវិញ ។
លោកបន្ដថា «អាចថា ម្ចាស់ផ្ទះថៃ គាត់ដាក់ចូលវិញ ដោយសាររាល់ដងក្នុងវិស័យកីឡានីមួយៗ ពេលយើងទៅប្រកួតក្នុងលក្ខណៈតំបន់ ឬអាស៊ី គេតែងមានកិច្ចប្រជុំប្រតិភូ ឬនាយបេសកកម្ម ។ សម្រាប់លើនេះ គេបានផ្ដល់ព័ត៌មានខ្លះ ដែលសង្កត់ធ្ងន់ថា អាចនឹងមានវិញ ព្រោះកីឡាជឺជីតស៊ូថៃ ក៏ខ្លាំងដែរ ក្នុងតំបន់ ។ ចឹងខ្ញុំគិតថា គាត់បានព្យាយាមជំរុញភាគីថៃខ្លាំងដែរ ដើម្បីជំរុញការដាក់កីឡាជឺជីតស៊ូក្នុងស៊ីហ្គេម លើកទី៣៣ វិញ» ។
ទោះបីមិនទាន់មានការបញ្ជាក់ជាផ្លូវការ តែលោក ថោង បញ្ញាធន បានចាត់ទុកនេះ គឺជាដំណឹងល្អមួយ ដែលជំរុញឲ្យសហព័ន្ធ ពិសេសកីឡាករ-កីឡាការិនីកាន់តែមានការខិតខំប្រឹងប្រែង ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតស៊ីហ្គេម លើកទី៣៣ ក៏ដូចជាការប្រកួតអន្ដរជាតិផ្សេងៗទៀត បន្ទាប់ពីការខិតខំបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីឆ្នើមៗ រហូតសម្រេចបានសមិទ្ធផលដ៏ល្អប្រសើរជាបន្ដបន្ទាប់នាពេលកន្លងមក ។
សូរំឮកថា កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ ថៃ បានប្រកាសកំណត់កីឡាបឋមចំនួន ៤៤ប្រភេទកីឡា សម្រាប់ដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដោយបែងចែកជា ៣ក្រុម៖
ក្រុមទី១-ប្រភេទកីឡាចាំបាច់ គឺមានកីឡាអត្តពលកម្ម និងកីឡាក្នុងទឹក ដែលរួមមានហែលទឹក លោតទឹក បាល់ទឹក រាំក្នុងទឹក និងហែលទឹកម៉ារ៉ាតុង ។
ក្រុមទី២ ជាប្រភេទកីឡាអូឡាំពិក និងអាស៊ី ក្នុងនោះមានកីឡាបាញ់ធ្នូ, វាយសី, បាល់បោះ (5x5, 3x3), ទូកកាណូ, រ៉ូអ៊ីង, ទោចក្រយាន, គុនដាវ, បាល់ទាត់ (បុរស, នារី), វាយកូនហ្គោល, កាយសម្ព័ន្ធ, បាល់គប់, ហុកគី, ហុកគីលើទឹកកក, យូដូ, បាញ់កាំភ្លើង, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, វាយកូនបាល់, ទ្រីយ៉ាត្លុង, បាល់ទះ, ចំបាប់, ជិះស្គីលើទឹកកក, ផេនតាត្លុងទំនើប, បេស្បល-សូហ្វបល, ប្រដាល់សកល, ជិះសេះ និងប៉ូឡូ, បាល់ឱប និងទូកក្តោង ព្រមទាំងប្រភេទកីឡាអាស៊ីក្នុងសាល និងក្បាច់គុន រួមមានបាល់ទាត់ Futsal, មួយ, បញ្ចស៊ីឡាត់, ប៉េតង់, ស៊ីប៉ាក់តាក្រ, ប៊ីយ៉ា និងស្នូកឃ័រ និងកីឡាអេឡិចត្រូនិកច ។
ក្រុមទី៣ គឺមានកីឡា Floorball, ឃីកបុកស៊ីង, បាល់ទាត់លើតុ និង Netball ក្រៅពីនេះ ក៏មានកីឡាសម្ដែង ២ប្រភេទផងដែរ រួមមានកីឡាទាញព្រ័ត្រ និងកីឡាចោលថាស ៕