(ភ្នំពេញ)៖ អ្នកបង្ហាញម៉ូដល្បីឈ្មោះក្នុងមជ្ឃដ្ឋានសិល្បៈលោក អូ លីវ៉ាគង់ បានបង្ហាញមហិច្ឆតាធំរៀបចំ កម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិ «Queen Of The Catwalk» នៅក្នុងប្រទេសកម្ពុជា ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក បង្ហាញពីវិស័យដើរម៉ូដ និងច្នៃម៉ូដសម្លៀកបំពាក់ជាលក្ខណៈទំនើប និងទាន់សម័យប្លែកៗ របស់អ្នកដែលមានទេពកោសល្យច្នៃម៉ូដ មកជួបជុំគ្នាបញ្ចេញសមត្ថភាពរៀងៗខ្លួន។ ការបង្ហាញពីមហិច្ឆតាចង់រៀបចំកម្មវិធីលំដាប់អន្តរជាតិនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ធ្វើឡើងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ នៅឯសណ្ឋាគារហៃយ៉ាត់ភ្នំពេញ ក្នុងនោះក៏បានបង្ហាញពីបេក្ខភាពទាំង៥រូប ដែលមានទេពកោសល្យពិសេសៗរៀងខ្លួន ឲ្យមហាជន និងអ្នកគាំទ្របានឃើញផងដែរ។

លោក អូ លីវ៉ាគង់ បានថ្លែងប្រាប់ថា លោកមានបំណងចង់ធ្វើអ្វីមួយ សម្រាប់ប្រទេសជាតិរបស់ខ្លួន ជាពិសេសគឺការងារសកម្មភាពជួយដល់សង្គមជាតិ ជួយដល់ក្មេងៗ​ជួយលើវិស័យបរិស្ថាន និយាយរួម គឺចង់បង្រៀនឲ្យបេក្ខនារី ឬបេក្ខជនរបស់យើងចេះធ្វើការងារសប្បុរសធម៌ ជួយសង្គមឲ្យបានច្រើន តាមរយៈសិល្បៈនៃការចែករំលែកនេះឯង។ កម្មវិធីនេះ គឺមានគោលបំណងធ្វើអ្វីដែលល្អៗ ជួយដល់ប្រទេសជាតិឲ្យបានច្រើន ដើម្បីជាបទពិសោធនៅពេលដែលយើង បានឃើញអន្តរជាតិគេធ្វើ ហើយយើងគួរសិក្សាស្វែងយល់ឲ្យបានល្អិតល្អន់ មុននឹងឃើញជ័យជំនះរបស់គេ ពោលគឺដោយសារតែគេមានប្រវត្តិជួយសង្គមជាតិបានច្រើន ទើបគេក្លាយជាបុគ្គលលេចធ្លោ ហើយទទួលបានជោគជ័យ។

អ្នកបង្ហាញម៉ូដ លោក អូ លីវ៉ាគង់ បានចោទជាសំណួរថា ហេតុអ្វីបានជាវិស័យបង្ហាញម៉ូដរបស់យើងពេលចេញទៅប្រកួតនៅក្រៅប្រទេស មិនដែលបានជាប់ជ័យលាភី ឬចូលដល់ Top 10? យើងត្រូវសិក្សាពីកម្មវិធីរបស់គេ សិក្សាពីប្រវត្តិនៃកម្មវិធី សិក្សាពីសកម្មភាពបេក្ខនារីរបស់គេ ថាតើគេបានធ្វើអ្វីខ្លះ? ហេតុអ្វីបានជាគេទទួលជ័យជំនះ? យើងត្រូវស្វែងយល់ពីគេឲ្យបានច្រើន យើងឈ្នះនៅក្នុងប្រទេស ហើយអត់បានសិក្សាស្វែងយល់អ្វីសោះ បញ្ជូនទៅក្រៅប្រទេស ដើម្បីប្រកួតភ្លាម គឺមិនបាននោះទេ។ បេក្ខនារីសុទ្ធតែមានរូបសម្រស់ស្អាតៗ តែអ្វីដែលលោកចង់បាន គឺស្អាតចេញពីចិត្តចេញពីបេះដូងពិតៗ ហើយស្អាតចេញពីចិត្តនេះ គឺធ្វើឲ្យគេចងចាំអស់មួយជីវិត ដូច្នេះលោកចង់ឲ្យយើងមានបេះដូងស្អាតស្មោះស ជាមួយនឹងមនសិកាជាតិពិតៗ និងជាភាពស្អាតពោរពេញដោយការចែករំលែក។

លោកបន្តថា កម្មវិធី «Queen Of The Catwalk» គឺលោកបានបង្កើតឡើងអស់រយៈពេល២ឆ្នាំមកហើយ ទោះបីជាកម្មវិធីនេះមិនល្អឥតខ្ចោះ មួយរយភាគរយក្ដី ប៉ុន្តែលោកបានបង្កើតវាឡើង ដោយឆន្ទៈចេញពីបេះដូងពិតៗ ទោះបីជាកន្លងមកមានគេរិះគន់លោកថា មិនអាចធ្វើបាន ឬដល់វគ្គផ្ដាច់ព្រ័ត្រក្ដី តែពេលនេះគឺលោកធ្វើបានសម្រេចសមតាមក្ដីបំណងរួចទៅហើយ។ នៅវគ្គទី២ លោកនឹងប្រែងធ្វើឡើងឲ្យល្អប្រសើរជាងនេះ ព្រោះលោកបានមើលពីចន្លោះប្រហោងមួយចំនួន ដែលត្រូវតែបំពេញ ណាមួយលោកធ្វើតែម្នាក់ឯង ទើបមានចំណុចខ្វះខាត។

លោកថា យើងគួរតែមានមោទនភាព ព្រោះកម្មវិធី «Queen Of The Catwalk» គឺបង្កើតឡើងដោយកូនខ្មែរ ហើយបានជួយឲ្យកូនខ្មែរជាច្រើន បានបញ្ចេញសមត្ថភាព ទេពកោសល្យនៃការបង្ហាញម៉ូដ ការច្នៃម៉ូដ នឹងចំណេះដឹងផ្នែកសិល្បៈរបស់ខ្លួនបានយ៉ាងច្រើន តាមរយៈកម្មវិធីមួយនេះ ហើយយើងនឹងឈានចូលទៅកាន់ឆាកអន្តរជាតិ បន្ទាប់ពីកម្មវិធីប្រកួតវគ្គទី២ ដែលធ្វើឡើងក្នុងប្រទេសរបស់ខ្លួន ត្រូវបានបញ្ចប់ហើយយើងរកឃើញអ្នកទទួលបានជ័យជំនះ។ ជាពិសេសគឺយើងចូលទៅក្នុងបណ្ដាប្រទេស នៅតំបន់អាស៊ានជាមុនសិន៕