(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម អ៊ែរឡាញ បានប្រារព្ធពិធីសម្ពោធជាផ្លូវការជើងហោះហើរត្រង់ រវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញ ដែលធ្វើឡើងក្រោមអធិបតីភាពលោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោកបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត ដែលប្រព្រឹត្ដទៅនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារសូហ្វីតែល។

ក្នុងពិធីបើកជើងហោះហើរ ហាណូយ-ភ្នំពេញ ក្រុមហ៊ុន អាកាសចរណ៍ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ និងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

ជើងហោះហើរថ្មីនេះនឹងចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដែលមានជើងហោះហើរចំនួន ៤ជើង ក្នុងមួយសប្ដាហ៍រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ដោយប្រើប្រាស់យន្តហោះ Airbus A321។ នាបច្ចុប្បន្ននេះ អ្នកធ្វើដំណើរពីទីក្រុងហាណូយ ទៅរាជធានីភ្នំពេញត្រូវផ្លាស់ប្តូរជើងយន្តហោះនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ តាមរយៈសេវាកម្មអាកាសចរណ៍ឥណ្ឌូចិន។

ជើងហោះហើរថ្មីនេះ នឹងនាំឱ្យចំនួនជើងហោះហើរសរុបរបស់ក្រុមហ៊ុន អាកាសចរណ៍ វៀតណាម អ៊ែរឡាញ រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា កើនឡើងចំនួន ៥ជើង នៅចុងខែតុលានេះ គិតរួមទាំងជើងហោះហើរត្រង់ចំនួនបួន គឺហាណូយ-ហូជីមិញ-ភ្នំពេញ និងហាណូយ-ហូជីមិញ-សៀមរាប ព្រមទាំងជើងហោះហើរ១ទៀតជាមួយឥណ្ឌូចិន។ ចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរនឹងឡើងដល់ ៨៦ដង ក្នុងមួយសប្តាហ៍។

ជើងហោះហើរវៀតណាម-កម្ពុជា បានស្ថិតក្នុងចំណោមជើងហោះហើរដំបូង ដែលបានដំណើរការដោយក្រុមហ៊ុន អាកាសចរណ៍ វៀតណាម អ៊ែរឡាញ កាលពី៣១ឆ្នាំមុន។ ការពង្រីកជើងហោះហើរទៅកាន់កម្ពុជា តែងតែជាយុទ្ធសាស្ត្រចំបងសម្រាប់ក្រុមហ៊ុន អាកាសចរណ៍ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។

ការពង្រីកនូវបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម អ៊ែរឡាញ ក្នុងតំបន់ឥណ្ឌូចិន បានផ្តល់នូវអត្ថប្រយោជន៍ផ្នែកប្រតិបត្តិការយ៉ាងសំខាន់។ ជើងហោះហើរថ្មីនេះ ត្រូវបានរំពឹងទុកថានឹងអាចទាក់ទាញភ្ញៀវទេសចរ ដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ រួមមានប្រទេសជប៉ុន កូរ៉េ និងបណ្តាប្រទេសប៉ែកអឺរ៉ុប ដោយសាតែជើងហោះហើរច្រើន និងពេលវេលាផ្លាស់ប្តូរជើងយន្តហោះកាន់តែងាយស្រួល។

អស់រយៈពេលជាង ៣ទសវត្សកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម អ៊ែរឡាញ ទទួលបានអ្នកដំណើរជិត ៨.២លាននាក់ និងដឹកជញ្ជូនទំនិញចំនួន ២៨,៤០០តោន នៅលើជើងហោះហើរជាង ៨១,០០០ រវាងប្រទេសវៀតណាម និងកម្ពុជា។

លោក ដាង ង៉ុកហៅ ( Dang Ngoc Hoa) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឱ្យដឹងថា «ជើងហោះហើរត្រង់ថ្មីនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់នូវទំនាក់ទំនងតភ្ជាប់កាន់តែ ប្រសើរឡើងរវាងប្រទេសវៀតណាម និងកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុន វៀតណាមអ៊ែរឡាញ បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាកម្មក្នុងប្រទេសកម្ពុជា។ យើងនឹងបន្តពង្រីកបណ្តាញរបស់យើង បង្កើនកិច្ចសហប្រតិបត្តិការ ធ្វើឱ្យការប្រកួតប្រជែងកាន់តែប្រសើរទ្បើង និងផ្តល់នូវសេវាកម្មដែលមានគុណភាព និងជាទីពេញចិត្តដល់អ្នកដំណើរ។ គោលដៅរបស់យើងគឺជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»

ក្រៅពីការប្រកាសនូវជើងហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម អ៊ែរទ្បាញ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរអ៊ែរ សមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន សៃហ្កនធួរីសគ្រុប។ កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃកម្មវិធី «ប្រទេសពីរ - គោលដៅតែមួយ»​ ក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ទ្វេភាគី ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងទីផ្សាររួមគ្នា និងកិច្ចសហប្រតិបត្តិការលើផលិតផល និងសេវាកម្មរបស់វិស័យអាកាសចរណ៍។

កម្ពុជាបានក្លាយជាប្រទេសដែលតំណាងឱ្យទីផ្សារដ៏សំខាន់មួយ សម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍។ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ទីផ្សារអាកាសចរណ៍រវាងប្រទេសទាំងពីរ បានទទួលនូវកំណើននៃអ្នកដំណើរតាមផ្លូវអាកាសកើនឡើងដ៏គួរឱ្យកត់សម្គាល់ គឺ ២៤% ជារៀងរាល់ឆ្នាំ ដោយមានអ្នកដំណើរប្រហែល ៤៥០,០០០នាក់។ នៅក្នុងឆ្នាំ២០២៣ ប្រទេសវៀតណាមបានក្លាយជាប្រភពអ្នកទេសចរណ៍ធំទី២ មកកាន់កម្ពុជា ដែលមានភ្ញៀវទេសចរណ៍ ជាង១លាននាក់ ខណៈអ្នកទេសចរណ៍កម្ពុជាទៅកាន់វៀតណាមមានចំនួនជាង៤០ម៉ឺននាក់ និងជាប់ចំណាត់ថ្នាក់ទី៨ក្នុងចំណោមទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ លោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីបើកជើងហោះហើរ ហាណូយ-ភ្នំពេញ របស់ក្រុមហ៊ុន
អាកាសចរណ៍វៀតណាម និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជា-វៀតណាម «ប្រទេសពីរ - គោលដៅមួយ»

ពិសេសលោកបានសម្តែងនូវការអបអរសាទរចំពោះការបើកឱ្យមានជើងហោះហើរ តភ្ជាប់រវាងទីក្រុងទាំងពីរ និងការចុះអនុស្សរណៈរវាងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន
Vietnam Airline JSC សមាគមទេសចរណ៍កម្ពុជា (CATA) និងក្រុមហ៊ុនទេសចរណ៍ Saigontourist Group។

លោករដ្ឋមន្ដ្រីបន្ដថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការតភ្ជាប់ជើងហោះហើរហាណូយ-ភ្នំពេញ នឹងចូលរួមចំណែកក្នុងការផ្សព្វផ្សាយបន្ថែមពីសក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ព្រមទាំងរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍រវាងកម្ពុជា-វៀតណាមផងដែរ»

ទន្ទឹមនឹងនេះលោកក៏មានសុទិដ្ឋិនិយមផងដែរថា តាមរយៈការរៀបចំព្រឹត្តិការណ៍នាថ្ងៃនេះ នឹងមានភ្ញៀវទេសចរណ៍ និងវិនិយោគិនពីប្រទេសវៀតណាមកាន់តែច្រើនថែមទៀត មកទស្សនា និងធ្វើធុរកិច្ចនៅកម្ពុជាដើម្បីចូលរួមក្នុងការពង្រឹងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសយើងទាំងពីរ។

កាលពីឆ្នាំ២០២៣កន្លងមក កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៥,៤៥លាននាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍វៀតណាម ចំនួនប្រមាណ ៣៧ម៉ឺននាក់។ សម្រាប់រយៈពេល៥ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៦៤លាននាក់ ក្នុងនោះភ្ញៀវទេសចរវៀតណាមមានចំនួនប្រមាណ ៥២ម៉ឺននាក់ កើនឡើងជិត ៤០% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

លោករដ្ឋមន្ដ្រី បានបន្ថែមទៀថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្តិភាព សណ្ដាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលទទួលបានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕