(ប៊ែកឡាំង)៖ កីឡាករ Thomas Mueller របស់អាល្លឺម៉ង់ បានប្រកាសចូលនិវត្តន៍ ពីអាជីពលេងឱ្យក្រុមជម្រើសជាតិ ដោយបញ្ចប់ រយៈពេល ១៤ឆ្នាំរបស់លោក បន្ទាប់ពីការធ្លាក់ចេញរបស់ពួកគេ ពីព្រឹត្តិការណ៍ European Championship។ នេះបើតាមខ្សែប្រយុទ្ធលេងនៅក្លិប Bayern Munich ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លើកចុងក្រោយរបស់លោក នៅថ្ងៃទី០៥ ខែកក្កដា ក្នុងលទ្ធផលបរាជ័យ ២-១ នៅវគ្គ ៨ក្រុមចុងក្រោយរបស់អាល្លឺម៉ង់ ក្រោមថ្វីជើងក្រុមអេស្ប៉ាញ ដោយលោកបានចូលលេងជាកីឡាករបម្រុង នៅនាទីទី៨០។

​Muller បានជួយឱ្យអាល្លឺម៉ង់ ឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១៤ និងជាកីឡាករទី៣ ដែលបានបង្ហាញខ្លួនច្រើនជាងគេបំផុត សម្រាប់ក្រុមជម្រើសជាតិ ជាមួយនឹងការទទួលកោះហៅ ១៣១លើក និងរកបាន ៤៥គ្រាប់។

លោកក៏ធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស (Golden Boot Award) និងកីឡាករវ័យក្មេងល្អបំផុត (Young Player Award) នៅអំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ នៅពេលដែលអាល្លឺម៉ង់បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ផងដែរ៕