(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បានធ្វើដំណើរដល់ប្រទេសឥណ្ឌូនេស៊ីហើយ កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅ ដើម្បីត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boys’ Championship) ឆ្នាំ២០២៤ ខណៈកម្ពុជា នឹងត្រូវជួបក្រុម U19 ទីម័រខាងកើត បើកឆាកពូលA មុនគេ នារសៀលថ្ងៃទី១៧ ខែកក្កដាស្អែក នៅកីឡដ្ឋាន Gelora Bung Tomo នាទីក្រុង Surabay ប្រទេសឥណ្ឌូនេស៊ី។

គួរដឹងថា ក្រុមគោព្រៃជំទង់កម្ពុជា បានចាកចេញពីមាតុភូមិ កាលពីថ្ងៃទី០៩-កក្កដា ដើម្បីបោះជំរំហ្វឹកហាត់ និងប្រកួតកម្ដៅសាច់ដុំ នៅប្រទេសម៉ាឡេស៊ី ចំនួន ២ប្រកួតជាមួយក្រុមម្ចាស់ផ្ទះ U19 ម៉ាឡេស៊ី ដោយលទ្ធផលជើងទី១ ស្មើគ្នា ២-២ ខណៈជើងទី២ កម្ពុជា បានចាញ់ម៉ាឡេស៊ី ៤-២។ ក្រោយហ្វឹកហាត់ និងប្រកួតរយៈពេល ១សប្ដាហ៍ បេសកកម្មដឹកនាំដោយលោក ភា សុភ័ក្ដ្រា នៅល្ងាចថ្ងៃទី១៥ ខែកក្កដា កម្ពុជាក៏បានបន្ដដំណើរទៅឥណ្ឌូនេស៊ី ដើម្បីចូលរួមការប្រកួតជើងឯកយុវជនប្រចាំតំបន់ខាងលើតែម្ដង។

ចំពោះការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 នេះដែរ កម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត។ ចំណែកពូល B មានឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្រ្តាលី និងពូល C មានក្រុម U19 ម៉ាឡេស៊ី ថៃ សិង្ហបុរី និងប្រ៊ុយណេ។ ចំពោះកម្មវិធីប្រកួតរបស់ក្រុមយុវជនកម្ពុជា នឹងត្រូវជួបក្រុមទីម័រខាងកើត មុនគេ នាថ្ងៃពុធស្អែក មុនបន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២០-កក្កដា និងចុងក្រោយជួបហ្វីលីពីន នាថ្ងៃទី២៣ ខែកក្កដាខាងមុខមុខ។

គួរដឹងថា ការប្រកួតនេះ ក៏មិនខុសពីពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំប្រចាំតំបន់អាស៊ាន កាលពីថ្មីៗដែរ ដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុវិលជុំតាមពូល ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ពោលគឺក្រុមលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេក្នុងចំណោមពូលទាំង ៣ នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ការណ៍នេះ នាំឲ្យក្រុមនីមួយៗ ត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីប្រជែងកៅអីកំពូលតារាង៕