(បរទេស)៖ យោងតាមអ្នកគ្រប់គ្រងទូទៅរបស់ BYD បានអះអាងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនមួយនេះ នឹងបញ្ចេញរថយន្ត Haibao 07 EV នៅដើមខែសីហាខាងមុខ ដែលជាកំណែអាប់ដេតនៃម៉ូដែល Haibao បច្ចុប្បន្ន។ យានជំនិះអគ្គិសនីថ្មីនេះ នឹងមានការពង្រឹងទាំងសមត្ថភាពបើកបរឆ្លាតវៃ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផងដែរ ខណៈរថយន្ត Haibao បច្ចុប្បន្នមានតម្លៃចន្លោះពី ២៤,៧៥៨ដុល្លារ ដល់ ៤៣,៣៩៧ដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

រថយន្ត BYD Haibao 07 EV ស៊េរីថ្មីនេះ ត្រូវបានគេដឹងថានឹងរក្សាទម្រង់នៃការឌីស្សាញដូចគ្នានឹងម៉ូដែលបច្ចុប្បន្ន ជាប្រភេទរថយន្ត Sedan EV ដែលមានបណ្តោយប្រវែង ៤,៨០០មីលីម៉ែត្រ, ទទឹង១,៨៧៥មីលីម៉ែត្រ, កម្ពស់ ១,៤៦០មីលីម៉ែត្រ និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រមាណ ២,៩២០មីលីម៉ែត្រ។ Haibao 07 ក៏ត្រូវបានក្រុមហ៊ុនធ្វើការបង្កើនសមត្ថភាពទៅលើមុខងារជំនួយការបើកបរកាន់តែមានភាពឆ្លាតវៃជាងមុន ដែលក្នុងនោះរួមមានប្រព័ន្ធចាប់សញ្ញាឆ្លាតវៃ LiDAR  System និងប្រើប្រាស់ទម្រង់ផលិត platform 3.0 Evo របស់ BYD ផ្ទាល់តែម្តង។

គួរជម្រាបថា រថយន្តអគ្គិសនីម៉ាក Haibao Series របស់ BYD ត្រូវបានគេដឹងថា ទទួលបានភាពជោគជ័យគួរសមនៅពេលចេញលក់ជាលើកដំបូង ប៉ុន្តែការលក់បានធ្លាក់ចុះនាពេលថ្មីៗនេះ ដោយរថយន្តម៉ាកនេះលក់បានចំនួនតែ ៨១៣គ្រឿងប៉ុណ្ណោះ នៅក្នុងខែមិថុនា។ BYD Haibao 07 Sedan EV នឹងមានទីផ្សារប្រឈមការប្រកួតប្រជែងខ្លាំងពីរថយន្តអគ្គិសនីសុទ្ធដែលពេញនិយមក្នុងពេលបច្ចុប្បន្នដូចជា Tesla Model 3, Xiaopeng P7 និង Zeekr 007 ក៏ដូចជាម៉ូដែលរថយន្តប្រើម៉ាស៊ីនសាំងដូចជា Honda Accord, Toyota Camry, Passat, Sagitar និង Teana ជាដើម៕