(វ៉ាស៊ីនតោន)៖ លោក Ramon Jesurun ប្រធានសហព័ន្ធបាល់ទាត់កូឡុំប៊ី និងកូនប្រុសរបស់លោក ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយសារមានជម្លោះជាមួយសន្និសុខ នាថ្ងៃចន្ទ (ម៉ោងនៅកម្ពុជា) នៅទីក្រុង Miami សហរដ្ឋអាមេរិក ជាទីដែលកូឡុំប្រកួតផ្តាច់ព្រ័ត្រចាញ់អាហ្សង់ទីនពាន Copa America 2024។
លោក Ramon វ័យ ៧១ឆ្នាំ និងកូនប្រុសរបស់លោកគឺ Ramon Jamil វ័យ ៤៣ឆ្នាំ បានបង្កជម្លោះជាមួយមន្រ្តីយាមកាមនៅច្រកចេញ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីប៉ូលិសប្រចាំនៅ Miami ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
ករណីបង្កជម្លោះនេះដែរ គឺបានកើតឡើងនៅក្នុងកីឡដ្ឋានផ្ទាល់តែម្តង បន្ទាប់ពីក្រុមជម្រើសជាតិកូឡុំប៊ី បានប្រកួតចាញ់គូប្រជែងអាហ្សង់ទីន ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដង នៃវគ្គដណ្តើមពាន Copa America 2024 ដែលមានអាមេរិកធ្វើម្ចាស់ផ្ទះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានផ្ញើទៅកាន់ BBC បានបញ្ជាក់ថា ហេតុការណ៍ដែលបង្កឡើងដោយចេតនានេះ គឺបានកើតឡើងនៅច្រកចេញពីកីឡដ្ឋាន Hard Rock នៅពេលដែលលោក Ramon រួមទាំងកូនប្រុសរបស់បានដើរចេញក្រៅកីឡដ្ឋានជាមួយការខឹងសម្បារ និងស្រែកជេរមន្រ្តីសន្តិសុខ ដ្បិតកំពុងសម្រួលសណ្តាប់ធ្នាប់។
គួររំលឹកផងថា ជំនួបវគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងកូឡុំប៊ី ដណ្តើមពាន Copa America 2024 ក៏ត្រូវបានពន្យារពេលដល់ទៅ ៨០នាទីផងដែរ ដោយសារតែអ្នកគាំទ្រដែលអត់សំបុត្រសម្រុកចូលកីឡដ្ឋាន Hard Rock ដើម្បីទស្សនា និងត្រូវបានឃាត់ខ្លួនជាច្រើននាក់ផងដែរ ដ្បិតប៉ះទង្គិចជាមួយក្រុមប៉ូលិស៕