(ភ្នំពេញ)៖ ក្នុងអំឡុងពេលដែលក្រសួងមុខងារសាធារណៈ កំពុងតែមមាញឹកក្នុងការរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីស ឆ្លៀតក្នុងឱកាសនេះបានធ្វើការឧបត្ថម្ភ ទឹកពិសាកម្ពុជា និងភេសជ្ជៈសរុប ២,២៥០កេស ដើម្បីលើកទឹកចិត្ត និងសម្រាលបន្ទុកខ្លះៗដល់ស្ថាប័ន​ ដើម្បីប្រើប្រាស់ទៅតាមតម្រូវការ។

ឈរលើគោលការណ៍ជួយត្រឡប់ទៅសង្គមវិញ ដែលជាគុណតម្លៃស្នូលមិនអាចខ្វះបាន របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លាង ឃុន និងក្រុមការងារបានចុះផ្ទាល់ដល់ក្រសួងមុខងារសាធារណៈ ដើម្បីប្រគល់ជូនទឹកពិសាកម្ពុជា និងភេសជ្ជៈចំនួន ២,២៥០កេស។ ការឧបត្ថម្ភនេះមិនមែនជាលើកទី១ទេ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រោះកាលពីពេលថ្មីៗកន្លងមកនេះ ក៏បានធ្វើការឧបត្ថម្ភទាំងថវិកា ទឹកពិសាកម្ពុជា និងភេសជ្ជៈដល់ស្ថាប័នជាច្រើនរួមមាន ទៅកាន់សាលារៀន សាលាបណ្ឌិតសភានគរបាលជាតិ សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)​ជាដើម។

ការបន្តជួយមិនសំចៃដៃនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទឹកចិត្តសប្បុរស របស់ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជាគំរូដ៏អស្ចារ្យ បង្ហាញនូវវប្បធម៌ចែករំលែក និងផ្ដល់ត្រលប់ទៅកាន់សង្គមវិញយ៉ាងពិតប្រាកដ។ ជាពិសេសបំផុតនោះ គឺសរបញ្ជាក់អំពីបេះដូងពោរពេញទៅដោយមនសិកា ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីភាពរីកចម្រើននៃប្រទេស និងសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជារោងចក្រឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ១០០% ផលិតនូវផលិតផល «Made in Cambodia»​ ស្តង់ដារគុណភាពខ្ពស់កម្រិតពិភពលោក​។ ​ខ្មែរ​ ប៊ែវើរីជីស ​ទទួលបាននូវមេដាយមាស Monde Selection ៣៧គ្រឿង ច្រើនជាងគេបំផុតនៅកម្ពុជា ពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល, វិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)៕