(បរទេស)៖ ទីបំផុតក្រុមហ៊ុនផលិតស្មាតហ្វូនចិន Realme បានបញ្ជាក់ជាផ្លូវការ ខ្លួននឹងចេញលក់ Realme 13 Pro និង Realme 13 Pro+ នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ នឹងចេញមកជាមួយនឹង ៣ពណ៌សម្រាប់ជ្រើសរើសរួមមាន ពណ៌បៃតងចាស់ ពណ៌មាស និងពណ៌ស្វាយខ្ចី (Emerald Green, Monet Gold និង Monet Purple) ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមហ៊ុន Realme បាននិយាយថា Realme 13 Pro Series ត្រូវបានរចនាឡើងដោយភាពជាដៃគូជាមួយសារមន្ទីរវិចិត្រសិល្បៈ (MFA) ទីក្រុងបូស្តុន ហើយត្រូវបានបំផុសគំនិតដោយវិចិត្រករជនជាតិបារាំងលោក Oscar-Claude Monet's បណ្តុំរូបគំនូរ «Haystacks» និង «Water Lilies»។
គួរជម្រាបដែរថា ទាំង Realme 13 Pro និង 13 Pro + នឹងបំពាក់សេនស័រកាមេរ៉ា Sony LYTIA ទំហំ 50MP (មេហ្គាភិចសែ)។ ចំពោះព័ត៌មានលម្អិត Realme នៅមិនទាន់បញ្ជាក់នោះទេ ប៉ុន្តែបើតាមកាបង្ហើបឱ្យដឹងនោះ ស្មាតហ្វូនទាំងពីរម៉ូដែលនេះបានឆ្លងកាត់វិញ្ញាបនបត្រ TUV Rheinland High Resolution Camera Certification ដែលជាការត្រួតពិនិត្យកាមេរ៉ាកម្រិតខ្ពស់។ ខណៈ Realme 13 Pro+ នឹងបំពាក់នូវ «ប្រព័ន្ធកាមេរ៉ាភ្លោះ» ជាមួយនឹងកម្រិត Zoom រហូតដល់ 3x optical zoom ឯណោះ។ អ្វីដែលកាន់តែពិសេស Realme 13 Pro Series នឹងបំពាក់នូវបច្ចេកវិទ្យា «Miracle Shining Glass» និង «Sunrise Halo» ផ្ទាល់របស់ Realme។ នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុន Realme៕