(សៀមរាប)៖ ទេសចរជាតិនិងអន្តរជាតិមកទស្សនារមណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬមធ្យោបាយផ្សេងៗ នៅលើផ្លូវកៅស៊ូធំទូលាយ និងភាពស្រស់ស្អាតហើយនោះ ក៏មានជាផ្លូវកង់ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើងប្រវែង ២៤.៥០គីឡូម៉ែត្រ សម្រាប់ទេសចរជិះកង់ទស្សនារមណីយដ្ឋានអង្គរផង។

ក្រោយការបង្កើតឱ្យមានជាផ្លូវកង់ នាអំឡុងឆ្នាំ២០២០មកដល់បច្ចុប្បន្ន ផ្លូវកង់ នៅតែមានភាពទាក់ទាញ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ទេសចរ ដែលចង់ផ្លាស់ប្តូរបរិយាកាសពីការធ្វើដំណើរដោយយានយន្ត ដែលមានសំឡេងរំខាន ឬផ្សែងបំពុលបរិស្ថាន អាចធ្វើដំណើរកម្សាន្តតាមរយៈផ្លូវទស្សនាប្រាសាទ។

មិនថា នាថ្ងៃសម្រាកចុងសប្តាហ៍ ឬថ្ងៃធ្វើការធម្មតាឡើយ ការធ្វើដំណើរដោយជិះកង់ តាមវង់ទស្សនាដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ មិនត្រឹមតែមានសុខសុវត្ថិភាព និងសុខភាពល្អប៉ុណ្ណោះទេ អ្នកទេសចរក៏អាចគយគន់ទេសភាពព្រៃព្រឹក្សា ខ្យល់អាកាសល្អបរិសុទ្ធ វាលស្រែ ទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ និងភូមិឋានបងប្អូនអ្នកស្រុកអង្គរយ៉ាងសប្បាយរីករាយ៕