(បរទេស)៖ ក្រុមហ៊ុនប្រេងដ៏ធំរបស់បារំាង TotalEnergies និងក្រុមហ៊ុនថាមពលរបស់ចក្រភពអង់គ្លេស SSE បានចាប់ផ្តើមបណ្តាក់ទុនរួមគ្នាមួយដែលមានឈ្មោះថា Source (ឬបកប្រែជាភាសាខ្មែរថា ប្រភព) ដើម្បីបង្កើតបណ្តាញសាកថ្មរថយន្តអគ្គិសនី (EV) ដ៏សំខាន់មួយនៅក្នុងចក្រភពអង់គ្លេស និងអៀឡង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមរបាយការណ៍ចេញផ្សាយដោយបានឱ្យដឹងថា គោលដៅរបស់ Source គឺដើម្បីចាប់យកចំណែក ២០ភាគរយនៃទីផ្សារសាកថ្មរថយន្តអគ្គិសនីល្បឿនលឿន (fast-charging) របស់ចក្រភពអង់គ្លេស និងអៀរឡង់ក្នុងរយៈពេល ៥ឆ្នាំ។ ជាងនេះទៅទៀតគម្រោង Source គ្រោងនឹងដាក់ពង្រាយស្ថានីយ៍សាកថ្មដល់ទៅ ៣,០០០គ្រឿងនូវឆ្នាំងសាកដែលមានថាមពលខ្ពស់ សាកថ្មលឿន (ចន្លោះពី ១៥០គីឡូវ៉ាត់ ឬច្រើនជាងនេះ) នៅទូទាំងមជ្ឈមណ្ឌលសាកថ្មទាំង ៣០០នៅក្នុងទីតាំងសំខាន់ៗក្នុងទីក្រុង។
មជ្ឈមណ្ឌលសាកថ្មទាំងនេះ នឹងត្រូវបានដំណើរការដោយថាមពលកកើតឡើងវិញដែលបានពីគម្រោង SSE និង TotalEnergies។ ការបណ្តាក់ទុននេះមានគោលបំណងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធសាកថ្មលឿនបំផុតដែលអាចទុកចិត្តបាន ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងពីអ្នកប្រើប្រាស់រថយន្តអគ្គិសនី EV និងប្រតិបត្តិករកងនាវា។ យ៉ាងណាមិញ ជុំវិញទំហំទឹកប្រាក់នៃគម្រោងវិនិយោគនេះ ក្រុមហ៊ុនទាំងពីរបានបដិសេធ និងមិនបានផ្តល់ព័ត៌មានលម្អិនោះទេ។
គួរជម្រាបដែរថា TotalEnergies និង SSE គឺជាដៃគូរួចហើយនៅក្នុងកសិដ្ឋានខ្យល់នៅឆ្នេរសមុទ្រដ៏ធំបំផុតរបស់ស្កុតឡែន ខណៈពេលដែល Total ដំណើរការបណ្តាញ ២,៥០០ កន្លែងសាកថ្មនៅក្នុង និងជុំវិញទីក្រុងឡុងដ៍ និងប្រហែល ៦៥,០០០ នៅទ្វីបអឺរ៉ុប ដែលភាគច្រើនជាស្ថានីយ៍សាកថ្មយឺត ដែលប្រើចរន្តឆ្លាស់៕