(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នឹងរៀបចំឡើងក្រោមបុព្វបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ» ។ នេះបើយោងតាមវីដេអូផ្សព្វផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីព្រឹត្តិការណ៍ប្រចាំ ២ឆ្នាំម្ដងនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅពីពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។

ការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាជាតិ ក្រោមបុព្វបទដ៏មានសារៈសំខាន់នេះ ស្របពេលកម្ពុជា ត្រៀមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ។ គម្រោងនេះ គឺជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននឹងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ដ្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ ។

គួរដឹងថា កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ព្រមទាំងភាគីពាក់ព័ន្ធ ឆ្នាំនេះ គ្រោងនឹងរៀបចំនៅរាជធានី-ខេត្តចំនួន ៥ រួមមានរាជធានីភ្នំពេញ ខេត្ដស្វាយរៀង, កំពង់ឆ្នាំង, ព្រះសីហនុ និងខេត្តកែប ។ ចំពោះប្រភេទកីឡា ដែលត្រូវប្រកួតកីឡាជាតិ លើកទី៤ មានចំនួន ៣៧ប្រភេទ ខណៈប្រភេទកីឡា ត្រូវប្រកួតកីឡាជាតិជនពិការ លើកទី២ គឺមានចំនួន ៧ប្រទេស ៕