(ភ្នំពេញ)៖ លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា និងជាស្ថាបនិក RWB Cambodia រំពឹងវត្ដមានកំពូលអ្នកច្នៃឡានដ៏ល្បីជប៉ុន លោក Akira Nakai San នៅកម្ពុជា នឹងផ្ដល់នូវភាពសប្បាយរីករាយដល់អ្នកស្រលាញ់វិស័យកីឡាយានយន្ដ ក៏ដូចជាផ្ដល់នូវផលចំណេញសម្រាប់វិស័យកីឡាយានយន្ដកម្ពុជាផងដែរ។
ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីតារាច្នៃរថយន្ដដ៏ល្បីល្បាញលើពិភពលោករូបនេះ បានអញ្ជើញមកសម្ពោធ RWB នៅកម្ពុជា និងកែច្នៃរថយន្ដជូនអ្នកនិយមលេងរថយន្ដដោយផ្ទាល់ដៃ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ សម្រាប់យកទៅប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាប្រើសម្រាប់ការប្រកួតប្រជែងលើទីលានកម្រិតស្ដង់ដារអន្ដរជាតិទៀតផង។
អនុប្រធានសហព័ន្ធខាងលើបានបញ្ជាក់ថា ទាំងលោក និងអ្នកស្រលាញ់វិស័យកីឡាយានយន្ដនៅកម្ពុជា សុទ្ធតែពេញចិត្តចំពោះស្នាដៃលោក Nakai ដ្បិតរថយន្ដ ដែលលោកច្នៃរួច មានប្រសិទ្ធភាពខ្ពស់ មិនថា ការប្រើប្រាស់ប្រចាំថ្ងៃ ឬប្រណាំងទេ។ បើនិយាយពីឡានប្រណាំង គឺស្ទើរតែ ៧០% ដូចឡានប្រណាំង។ ដូច្នេះនេះគឺជាមោទនភាពមួយ ដែលលោកមកច្នៃរថយន្ដផ្ទាល់នៅកម្ពុជា។
លោក ទៀ ស្យាម បន្ដថា «ចំពោះខ្ញុំ ក្នុងនាមអនុប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជាស្រាប់ សហព័ន្ធយើង ក៏កំពុងចាប់ផ្ដើម ព្យាយាមបង្កើតកម្មវិធីនូវការប្រណាំងឡាន ជារបៀបស្របច្បាប់ និងមាននិតីវិធីតាមច្បាប់អន្ដរជាតិទាំងអស់ ដើម្បីបង្កើតកីឡាករយានយន្ដនៅស្រុកយើងឲ្យកាន់តែច្រើនឡើង ហើយក៏ជាការហ្វឹកហាត់របស់កីឡាយានយន្ដនៅស្រុកខ្មែរដែរ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគត យើងនឹងមានកីឡាករមានស្នាដៃពូកែៗ អាចទៅប្រណាំងនៅខ្នាតអន្ដរជាតិបាន»។
គួរដឹងថា ជាប់ងារជាសេដ្ឋីប្រាក់លាន លោក Nakai ត្រូវបានគេស្គាល់តាមរយៈលក្ខណៈពិសេសរបស់លោក នៅក្នុងឧស្សាហកម្មរថយន្តជាមួយនឹងសិល្បៈកែច្នៃរថយន្ត Porsche ស៊េរីចាស់ឲ្យប្លែក និងដំណើរការតាមបច្ចេកទេស។ ការណ៍នេះនាំឲ្យកេរ្ដីឈ្មោះរបស់លោកមានភាពល្បីល្បាញខ្លាំង រហូតមានការកែច្នៃរថយន្ដឲ្យបុគ្គល និងកីឡាករល្បីៗជាច្រើនលើពិភពលោកទៀតផង៕