(ប៉ារីស)៖ នៅទីបំផុតអាជីព Tennis របស់កីឡាករ Andy Murray ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយ បន្ទាប់ពីបរាជ័យ វិញ្ញាសាវាយគូ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបើយោងតាមការចេញ ផ្សាយដោយគេហទំព័រកីឡាអូឡាំពិកនៅថ្ងៃនេះ។

កីឡាករនិម្មិតរូបរបស់ចក្រភពអង់គ្លេសរូបនេះ បានលើកដៃលាអ្នកគាំទ្ររបស់ខ្លួន នៅពេលអតីតម្ចាស់មេដាយមាសអូឡាំពិក ២សម័យ Murray ដែលបានចាប់ដៃគូជាមួយ Dan Evans ប្រកួតចាញ់អត្តពលិកអាមេរិក Taylor Fritz និង Tommy Paul ត្រឹមវគ្គ ៨ក្រុមចុងក្រោយនាអូឡាំពិក លើកទី៣៣ កាលពីយប់មិញក្នុងលទ្ធផល ៦-២ និង ៦-៤។

នេះមានន័យថា អាជីពវាយកូនបាល់របស់តារាវ័យ ៣៧ឆ្នាំ ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយ តាមអ្វីដែលលោកបានប្រកាសចូលនិវត្តន៍ នៅពេលខ្លួនអស់វិញ្ញាសាប្រកួតនៅ Paris Olympic Games លើកនេះ ដ្បិតវិញ្ញាសាវាយទោល ផ្នែកបុរស លោកបានដកខ្លួនដោយសារតែបញ្ហារបួស។

Murray ដែលបានវិវត្តន៍ខ្លួនក្លាយជាកីឡាករ Tennis អាជីពកាលឆ្នាំ២០០៥ ផ្តើមចេញពីកីឡាករយុវជនអង់គ្លេស បានលេង ១០០១ប្រកួត ជាលក្ខណៈឯកត្តជន និងវាយគូជាច្រើនលើកទៀតផង ដោយបានឈ្នះពានកម្រិត ATP បាន ៤៦ដង រួមទាំងជួយអង់គ្លេសឈ្នះពាន Davis Cup ក្នុងឆ្នាំ២០១៥ នៅមុនពេលព្យួររ៉ុក្កែតជាផ្លូវការ៕