(បរទេស)៖ តាមរបាយការណ៍ចុងក្រោយដែលបង្ហាញដោយស្ថាប័នស្រាវជ្រាវ Canalys បានឲ្យដឹងថា ការនាំចេញស្មាតហ្វូនសរុបទូទាំងពិភពលោកមានការកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ ដោយកើនឡើងសរុបខ្ទង់ ២៨៨.៩លានគ្រឿង។ ក្នុងចំណោមនោះ Apple តែឯងបាននាំចេញអស់ ៤៥.៦លានគ្រឿង ក្នុងរយៈពេលដូចគ្នានេះ ដោយឈរនៅលេខរៀងទី២ បន្ទាប់ពីអធិរាជ្យនាំចេញស្មាតហ្វូន Samsung។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Apple World Today។

Canalys បានឲ្យដឹងថាថា ទីផ្សារស្មាតហ្វូនពិភពលោកបានកើនឡើង ៣ត្រីមាសជាប់ៗគ្នា ដែលជំរុញដោយគំនិតផ្តួចផ្តើមគំនិតច្នៃប្រឌិតផលិតផល និងការកែលម្អលក្ខខណ្ឌអាជីវកម្ម។ ទោះបីជាមានការកើនឡើងតិចតួចនៃការដឹកជញ្ជូនខ្ទង់ ១% ក៏ដោយក៏ Samsung បានរក្សាតំណែងជាអធិរាជ្យនាំចេញស្មាតហ្វូនបានច្រើនជាងគេ ឈរនៅលេខរៀងទី១ ក្រោយនាំចេញបានចំនួន ៥៣.៥ លានគ្រឿង។ ងាកមកក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយតួលេខនាំចេញបានចំនួន ៤៥.៦លានគ្រឿង ដែលត្រូវបានជំរុញដោយសន្ទុះពេញនិយមប្រើប្រាស់ខ្លាំងនៅអាមេរិកខាងជើង និងទីផ្សារដែលកំពុងរីកចម្រើននានា ។ ឥឡូវនេះ iPhone មានចំណែក ១៦% នៃទីផ្សារស្មាតហ្វូនពិភពលោក បើធៀបនឹង ១៧% នៅក្នុងត្រីមាសឆ្នាំមុន ខណៈ Samsung ដែលមានចំណែក ១៩% នៃទីផ្សារស្មាតហ្វូនពិភពលោក។

គួរជម្រាបថា នៅក្នុងឆមាសទី២ នៃឆ្នាំ២០២៤នេះ ទាំង Apple និង Samsung ត្រូវបានគេមើលឃើញថាបានផ្តោតជាសំខាន់លើការពង្រឹងយុទ្ធសាស្រ្តរយៈពេលវែងរបស់ពួកគេនៅក្នុងទីផ្សារចាស់ទុំមួយចំនួន ខណៈពេលដែលម៉ាកផ្សេងទៀតដូចសង្ឃឹមថានឹងជំរុញការលក់នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន៕