(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Huawei គ្រោងនឹងដាក់បង្ហាញស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ខ្លួនគឺ Nova Flip នៅថ្ងៃទី០៥ ខែសីហាខាងមុខនេះ ចាប់ពីម៉ោង ៨ល្ងាចតទៅម៉ោងនៅក្នុងប្រទេសចិន ត្រូវនឹងម៉ោង ៦ល្ងាចនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើវេទិកា​ bilibili (Platform ចែករំលែកវីដេអូដ៏ពេញនិយមរបស់ចិន) នឹងមានការផ្សព្វផ្សាយដោយកំពូលសិល្បៈកររបស់ចិនលោក Jackson Yee សមាជិកក្រុម TFboys។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

Huwei nova Flip នឹងចេញមកជាមួយនឹងជម្រើស ៤ពណ៌រួមមាន ពណ៌ Sakura Pink, Zero White, Starry Black និងពណ៌ថ្មី New Green។ យោងតាមលក្ខណៈលេចធ្លាយមួយចំនួនបានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ក្រោយនេះ នឹងបំពាក់ដោយអេក្រង់ធំជាងបើធៀបនឹងម៉ូដែល Pocket 2 ជំនាន់មុនដែលមានទំហំ ១.១៥អ៊ីញ។ ពោលគឺ nova Flip ចេញមកជាមួយនឹងអេក្រង់ប្រភេទ OLED ទំហំ ២.១៤អ៊ីញ អត្រា refrsh rate 120Hz។ ជាងនេះទៅទៀត Huawei អាប់ដេតទំហំថ្មធំជាងមុនដល់ទៅ ៤,៤០០មីលីអំពែម៉ោង និងគាំទ្រកម្រិតសាកថ្មតាមខ្សែ ៦៦វ៉ាត់។

គួរជម្រាបដែរថា nova Flip នឹងដំណើរការដោយបន្ទះឈីប Kirin 9000-series ជាមួយនឹង RAM ទំហំ ១២ជីហ្គាបៃ និង Storage រហូតដល់ ១តេហ្គាបៃ (1TB) ឯណោះ។ វានឹងបំពាក់ដោយកាមេរ៉ាក្រោយទំហំ 50+8MP (មេហ្គាភិចស៊ែ) និងកាមេរ៉ាមុខទំហំ ៣២មេហ្គាភិចស៊ែ។ ដោយឡែកចំពោះតួខ្លួនវិញនឹងមានទំហំ ៦.៨៨មីលីម៉ែត្រ ទម្ងន់ ១៩៥ក្រាម (ឬច្រើនជាងនេះបន្តិច អាស្រ័យលើពណ៌)។ ជុំវិញព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ ដូច្នេះសម្រាប់អ្នកគាំទ្រផលិតផលពី Huawei ទាំងអស់អាចរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់នៅដើមសប្តាហ៍ក្រោយដើម្បីកាន់តែលម្អិត៕