(ភ្នំពេញ)៖ ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ហៅកាត់ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងមានមោទកភាពជាសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានប្រកាសពីការគាំទ្រឧបត្ថម្ភកញ្ចប់ផ្លាទីនីមសម្រាប់វេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ ២០២៤ ដែលប្រារព្ធឡើងក្រោមប្រធានបទ «អាស៊ាន យើងតែមួយ-សាមគ្គីភាពកើតចេញពីភាពចម្រុះ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
វេទិកានេះបានបើកជាផ្លូវការដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្នុងវេទិកានោះបានប្រមូលផ្តុំសហគ្រិនស្ត្រីឆ្នើមដ៏មានឥទ្ធិពលមកពីទូទាំងតំបន់អាស៊ាន ដើម្បីចែករំលែកការយល់ដឹង បទពិសោធ និងការអនុវត្តល្អៗ។ ការចូលរួមរបស់ក្រុមហ៊ុន សែលកាត សរបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី និងជំរុញការផ្លាស់ប្តូរឌីជីថលនៅក្នុងតំបន់។
តាងនាមជាអ្នកផ្តល់សេវាបណ្តាញទំនាក់ទំនង និងឌីជីថលឈានមុខគេ និងជាសមាជិកដ៏សំខាន់នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុន សែលកាត បានប្តេជ្ញាចិត្តក្នុងការជំរុញកំណើននៃសហគ្រាសធុនតូច និងមធ្យម។ ជាមួយនឹងកញ្ចប់ ដ៏ទូលំទូលាយសម្រាប់ដំណោះស្រាយសហគ្រាស ការតភ្ជាប់ទំនាក់ទំនង សុវត្ថិភាព សេវាកម្មក្លោដឌីជីថល និងសេវាទូរស័ព្ទ-ក្រុមហ៊ុន សែលកាត ផ្តល់សិទ្ធិអំណាចដល់អាជីវកម្ម យកឈ្នះលើបញ្ហាប្រឈម និងឈានដល់សក្តានុពលពេញលេញរបស់ពួកគាត់។
តាមរយៈការផ្តល់ដំណោះស្រាយប្រកបដោយភាពជឿជាក់ និងភាពច្នៃប្រឌិត ក្រុមហ៊ុន សែលកាត កំពុងផ្តល់លទ្ធភាពឱ្យសហគ្រិនស្ត្រី អាចទាញយកថាមពលនៃបច្ចេកវិទ្យា និងកសាងអាជីវកម្មប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនជឿជាក់ថា ការវិនិយោគលើការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពនៃសហគមន៍អាស៊ានទាំងមូល។
ការចូលរួមរបស់ក្រុមហ៊ុន សែលកាត នៅក្នុងវេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ២០២៤ ស្របតាមកិច្ចខិតខំប្រឹងប្រែងនិរន្តរភាពដ៏ទូលំទូលាយរបស់ខ្លួន ដែលផ្តោតលើផលប៉ះពាល់សង្គម និងបរិស្ថាន។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រីឆ្នើម ក្រុមហ៊ុន សែលកាត ក៏កំពុងរួមចំណែកដល់សមភាពយេនឌ័រ និងបង្កើតការផ្លាស់ប្តូរសង្គមជាវិជ្ជមាន។
អំពីក្រុមហ៊ុន សែលកាត
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។
អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប
បង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនគួរជាទីចំណាប់អារម្មណ៍ មានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕