(ឡុងដ៍)៖ ក្លិប Fulham បានប្រកាសពីការចុះកិច្ចព្រមព្រៀង ជាមួយតម្លៃកំណត់ត្រារបស់ក្លិប ជាមួយខ្សែបម្រើក្លិប Arsenal កីឡាករ Emile Smith Rowe ដែលរបាយការណ៍បានឱ្យដឹងថាស្ថិតតម្លៃបឋម ២៧លានផោន និងមានកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។
ក្លិប Fulham មិនបានបង្ហាញតម្លៃសរុបនោះទេ សម្រាប់ការនាំយកកីឡាករវ័យ ២៤ឆ្នាំ Emile Smith Rowe តែត្រូវបានគេដឹងថា កិច្ចព្រមព្រៀងនេះអាចមានតម្លៃកើនដល់ ៣៤លានផោន ជាមួយនឹងទឹកប្រាក់បន្ថែម។
Smith Rowe ដែលបានចូលរួមជាមួយ Arsenal ក្នុងពេលមានវ័យ ១០ឆ្នាំ បានបង្ហាញខ្លួនលើកដំបូង ក្នុងក្រុមឈុតធំក្លិបកាំភ្លើងធំនៅវ័យ ១៨ឆ្នាំ និងបានបង្ហាញខ្លួន ៨០លើកក្នុងលីគ Premier League សម្រាប់ក្លិប និងរកបានគ្រាប់បាល់ ១២គ្រាប់ផងដែរ និងសរុប ១៨គ្រាប់នៅគ្រប់កម្មវិធីប្រកួតនៅ ៦រដូវកាលពីការលេងបាន ១១៥ប្រកួត។
Smith Rowe ក៏ធ្លាប់ទទួលបានការកោះហៅ ៣លើក លេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ដោយការប្រកួតលើកចុងក្រោយរបស់រូបគេកាលពីខែមីនា ឆ្នាំ២០២២ និងធ្លាប់ចេញទៅលេងនៅក្លិប RB Leipzig និង Huddersfield ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។
គួររំលឹកថា ក្លិប Fulham ក៏បានចុះកិច្ចសន្យា ជាមួយកីឡាករ Ryan Sessegnon រយៈពេល ២ឆ្នាំផងដែរ បន្ទាប់ពីកិច្ចសន្យារបស់កីឡាកររូបនវនៅឯក្លិប Tottenham បានផុតកំណត់៕