(បរទេស)៖ តម្លៃភាគហ៊ុនរបស់ Amazon បានធ្លាក់ចុះជិត ១០ភាគរយគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសទី២ ដែលបង្ហាញពីការថយចុះនៃកំណើននៃការបញ្ជាទិញតាមអ៊ីនធឺណិត ហើយបាននិយាយថា អ្នកប្រើប្រាស់កំពុងស្វែងរកជម្រើសដែលមានតម្លៃថោកជាង។​ នេះបើយោងតាមការចេញផ្សាយដោយ The Economic Time។

នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon លោក Andy Jassy បាននិយាយថា អតិថិជនជាច្រើនកំពុងព្យាយាមកាត់បន្ថយការចំណាយ នឹងស្វែងរកជម្រើសដែលមានតម្លៃទាបបំផុតតាមដែលអាចធ្វើទៅបាន។ តម្លៃភាគហ៊ុនរបស់ Amazon ក្នុងការជួយដូរចុងក្រោយនេះមានតម្លៃ ១៦៦ដុល្លារក្នុងហ៊ុន ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងចំណោមភាគហ៊ុនដែលធ្លាក់ចុះខ្លាំងជាងគេបំផុតនៅលើ Nasadaq។ យ៉ាងណាមិញប្រសិនបើនៅតែបន្តដាំក្បាលចុះបែបនេះ​ Amazon ត្រូវបានគេព្យាករណ៍ថា អាចនឹងឈានដល់ការបាត់បង់តម្លៃទីផ្សារប្រហែល ១៨៨ពាន់លានដុល្លារឯណោះ។

គួរជម្រាបដែរថា បើទោះបីជាការបញ្ជាទិញតាមរយៈអនឡាញមានកាធ្លាក់ចុះខ្លាំងក៏ដោយ​ ប្រាក់ចំណេញប្រចាំត្រីមាសរបស់ក្រុមហ៊ុន​ Amazon និងការលក់សេវា Cloud នៅតែបន្តនាំមុខ និងបានយកឈ្នះលើការប៉ានស្មានរបស់អ្នកវិភាគ។ បើយោងតាមរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសទី២ របស់ Amazon កាលពីពេលថ្មីកន្លងទៅបានបង្ហាញថា ទំហំនៃការលក់តាមអនឡាញ ឬ​ online stores ពេញមួយត្រីមាសទី២ បានកើនឡើងខ្ទង់ ៥ភាគរយ គិតជាសាច់ប្រាក់ទទួលបានចំនួន ៥៥.៤ពាន់លានដុល្លារ។ តួរលេខនេះ ទាបជាងបើធៀបនឹង ៧ភាគរយ ដែលទទួលបានក្នុងត្រីមាសទី១ ដើមឆ្នាំនេះ។ ដោយឡែកចំពោះ ប្រាក់ចំណូលនៅ Amazon Web Service ដែលជាអង្គភាព Cloud វិញ បានកើនឡើងប្រហែល ១៩ភាគរយ លើសពីការរំពឹងទុកដល់ ២៦.៣ពាន់លានដុល្លារ៕