(ភ្នំពេញ)៖ នៅពេលមានអំពើបំពាន ដូចជាការវាយឱ្យស្លាប់ ឬការសម្លាប់ដោយអាវុធជាដើម ឬនៅពេលមានគ្រោះថ្នាក់ ដូចជាការបង្កគ្រោះថ្នាក់ចរាចរណ៍ ឬការបង្កអគ្គីភ័យដែលនាំឱ្យមានការបាត់បង់អាយុជីវិតរបស់អ្នកដទៃ (ជនរងគ្រោះ) បានកើតឡើង ជនបង្កត្រូវទទួលខុសត្រូវសងការខូចខាត ដែលកើតឡើងដោយអំពើខ្លួនទៅកាន់ជនរងគ្រោះ ។ ការទទួលខុសត្រូវលើសំណងការខូចខាតក្នុងករណីខាងលើនេះ គឺជាការទទួលខុសត្រូវដោយផ្អែកលើអំពើអនីត្យានុកូល ។

ការខូចខាតរបស់ជនរងគ្រោះ អាចចែកចេញជា ៣ ស្ថានភាព គឺ ស្ថានភាពទី១ ការខូចខាតទាក់ទងនឹងវត្ថុ ស្ថានភាព ទី២ ការខូចខាតទាក់ទងនឹងរូបរាងកាយ និង ស្ថានភាពទី៣ ការខូចខាតទាក់ទងនឹងអាយុជីវិត ។

សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់សូមលើកយកនូវប្រធានបទស្តីពី «សំណងការខូចខាតក្នុងករណីបាត់បង់អាយុជីវិត» មកធ្វើការបកស្រាយចម្ងល់ជូនសាធាណជន និងសិស្សនិសិ្សតវិញម្តង ដែលមានខ្លឹមសារដូចតទៅ។

សំណងនៃការខូចខាតក្នុងករណីជនរងគ្រោះបាត់បង់អាយុជីវិត នៅក្នុងច្បាប់បានបែងចែកការខូចខាតជា ២ផ្នែក គឺ (ក) ការខូចខាតរបស់ជនរងគ្រោះផ្ទាល់ (ត្រឹមពេលទទួលមរណភាព) និង (ខ) ការខូចខាតរបស់សាច់ញាតិជនរងគ្រោះ (ក្រោយពេលទទួលមរណភាព)។

ក៖ ការខូចខាតរបស់ជនរងគ្រោះផ្ទាល់

ករណីជនរងគ្រោះបានទទួលមរណភាពដោយសារអំពើបំពាន ឬការបង្កគ្រោះថ្នាក់ ច្បាប់បានកំណត់ថាជនរងគ្រោះមានសិទ្ធិក្នុងការទាមទារសំណងការខូចខាតទ្រព្យសម្បត្តិ និងការខូចខាតសតិអារម្មណ៍ (ជំងឺចិត្ត) ចាប់ពីពេលមានអំពើបំពាន ឬការបង្កគ្រោះថ្នាក់រហូតដល់ពេលទទួលមរណភាពផងដែរ។ ការខូចខាតទ្រព្យសម្បត្តិនៅទីនេះ រួមបញ្ចូលទាំងការខូចខាតលើវត្ថុ សម្ភារផ្សេងៗ និងការខូចខាតដែលនាំឱ្យមានការចំណាយផ្សេងៗ ឬការបាត់បង់ចំណូលផ្សេងៗ ពោលគឺជនរងគ្រោះអាចទាមទារការខូចខាតទៅលើសោហ៊ុយព្យាបាល ប្រាក់ចំណូលដែលបានបាត់បង់ក្នុងអំឡុងពេលព្យាបាល និងសំណងជម្ងឺចិត្តជាដើមបាន ។ ប៉ុន្តែដោយសារជនរងគ្រោះបានទទួលមរណភាពហើយ ហេតុនេះសិទ្ធិក្នុងការទាមទារសំណងការខូចខាតខាងលើ ត្រូវស្នងបន្តដោយសន្តតិជន(អ្នកស្នងមត៌ក)របស់ជនរងគ្រោះ។

ឧទាហរណ៍៖ លោក ក បានប្រើប្រាស់កាំភ្លើងបាញ់ទៅលើលោក ខ បណ្តាលឱ្យលោក ខ រងរបួសធ្ងន់ធ្ងរ។ លោក ខ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១ ខែ និងត្រូវចំណាយលើថ្លៃព្យាបាលចំនួន ៥,០០០ ដុល្លារ ប៉ុន្តែជាអកុសលរបួសលោក ខ ធ្ងន់ធ្ងរពេកមិនអាចសង្រ្គោះបាន លោក ខ ក៏បានទទួលមរណភាព ហើយលោក ខ ទើបតែបានបង់ថ្លៃព្យាបាលចំនួន ២,០០០ ដុល្លារប៉ុណ្ណោះ មុនពេលទទួលមរណភាព ។ ក្រៅពីនេះ លោក ខ នៅមិនទាន់បង់ថ្លៃជួលអ្នកមើលថែទាំក្នុងអំឡុងពេលព្យាបាលចំនួន ២០០ ដុល្លារថែមទៀត។ ពេលនៅរស់ លោក ខ គឺជាបុគ្គលិកក្រុមហ៊ុនឯកជន ដែលមានចំណូល ៥០០ ដុល្លារក្នុងមួយខែ ហើយលោក ខ ត្រូវផ្គត់ផ្គង់ដល់ម្តាយជរាម្នាក់ និងក្មួយម្នាក់ក្នុងបន្ទុក ចំនួន ២០០ ដុល្លារជារៀងរាល់ខែ ។

នៅក្នុងឧទាហរណ៍ខាងលើ ការខូចខាតរបស់លោក ខ ផ្ទាល់ រួមមាន ①ការចំណាយថ្លៃព្យាបាលចំនួន ២,០០០ ដុល្លារដែលលោក ខ បានបង់ឱ្យមន្ទីរពេទ្យមុនពេលទទួលមរណភាព ② ប្រាក់ចំណូល ១ខែ ចំនួន ៥០០ ដុល្លារដែលលោក ខ មិនបានទទួលដោយសារការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ③សំណងជម្ងឺចិត្តដែលលោក ខ ទទួលរង។

ខ៖ ការខូចខាតរបស់សាច់ញាតិជនរងគ្រោះ

ថ្វីត្បិតតែសាច់ញាតិរបស់លោក ខ មិនមែនជាអ្នករងគ្រោះផ្ទាល់ដោយសារអំពើបំពាននៃការសម្លាប់ដែលបង្កឡើងដោយលោក ក ក៏ពិតមែន ប៉ុន្តែសាច់ញាតិរបស់លោក ខ ក៏ត្រូវទទួលបន្ទុក និងរងការខូចខាតពីការបាត់បង់លោក ខ ផងដែរ ។ ដូចនេះហើយ បានជាច្បាប់កំណត់ឱ្យសាច់ញាតិមួយចំនួនរបស់លោក ខ ក៏អាចទាមទារសំណងការខូចខាតដែលខ្លួនបានទទួលរង ដោយសារការបាត់បង់លោក ខ ពីលោក ក បានផងដែរ។

ការខូចខាតដែលសាច់ញាតិរបស់លោក ខ អាចទាមទារបាន រួមមាន ①ប្រាក់ជីវព្រឹត្តិ(សោហ៊ុយជីវភាព) ដែលសាច់ញាតិលែងបានទទួល ដោយសារមរណភាពរបស់លោក ខ ②ថ្លៃព្យាបាលដែលត្រូវចេញជំនួសលោក ខ និង③សោហ៊ុយសម្រាប់ធ្វើបុណ្យសពលោក ខ ជាដើម។ ក្រៅពីនេះ ច្បាប់បានកំណត់ថា សហព័ទ្ធ (ប្តី ឬប្រពន្ធ) ញាតិនៅក្នុង១ថ្នាក់ (កូន ឬឪពុកម្តាយ) និងញាតិដែលរស់នៅជាមួយលោក ខ ក៏អាចទាមទារ④សំណងជម្ងឺចិត្ត ដែលសាច់ញាតិនោះបានទទួលរង ដោយសារមរណភាពរបស់លោក ខ ផងដែរ។

នៅក្នុងឧទាហរណ៍ខាងលើ ម្តាយលោក ខ ដែលជាញាតិថ្នាក់ទី១ របស់លោក ខ អាចទាមទារការខូចខាតពីលោក ក បានផងដែរ ដែលការខូចខាតនោះអាចរួមបញ្ចូលទាំង ①ថ្លៃព្យាបាល ៣,០០០ ដុល្លារដែលនៅជំពាក់និងត្រូវបង់ទៅមន្ទីរពេទ្យជំនួសលោក ខ ②ថ្លៃជួលអ្នកមើលថែទាំក្នុងអំឡុងពេលព្យាបាលចំនួន ២០០ ដុល្លារដែលត្រូវបង់ជំនួសលោក ខ ③ប្រាក់ជីវព្រឹត្តិ(សោហ៊ុយជីវភាព)ដែលខ្លួនលែងបានទទួលពីលោក ខ ចំនួន ២០០ ដុល្លារក្នុងមួយខែ ④សោហ៊ុយបុណ្យសព និង⑤សំណងជម្ងឺចិត្តដែលខ្លួនទទួលរងដោយសារមរណភាពរបស់លោក ខ ។ ក្រៅពីនេះ ក្មួយរបស់លោក ក ក៏អាចទាមទារសំណងជម្ងឺចិត្តដែលខ្លួនទទួលរងដោយសារមរណភាពរបស់លោក ខ ក្នុងនាមជាញាតិដែលរស់នៅជាមួយលោក ខ បានផងដែរ ។ ដោយសារលោក ខ មានសាច់ញាតិតែម្តាយ និងក្មួយម្នាក់តែប៉ុណ្ណោះ ហេតុនេះតាមច្បាប់ ម្តាយលោក ខ នឹងក្លាយជាសន្តតិជន (អ្នកស្នងមត៌ក) របស់លោក ខ ហើយអាចអនុវត្តសិទ្ធិទាមទារសំណងនៃការខូចខាតរបស់លោក ខ ខាងលើពីលោក ក ជំនួសលោក ខ បាន មានន័យថាម្តាយលោក ខ អាចទាមទារសំណងការខូចខាតរបស់លោក ខ ផង និងសំណងការខូចខាតរបស់ខ្លួនឯងផង ពីលោក ក បាន ។

សរុបមក ក្នុងករណីឧទាហរណ៍ខាងលើ ម្តាយ និងក្មួយរបស់លោក ខ អាចទាមទាររួមគ្នាទៅកាន់លោក ក ឱ្យសងសំណងការខូចខាតដូចខាងក្រោម៖

(ក) ការខូចខាតរបស់លោក ខ ផ្ទាល់

* ថ្លៃព្យាបាល៖ ២,០០០ ដុល្លារ
* ប្រាក់ចំណូលដែលបាត់បង់៖ ៥០០ ដុល្លារ
* សំណងជំងឺចិត្ត
* ថ្លៃចំណាយចាំបាច់ប្រចាំថ្ងៃ និងថ្លៃចំណាយចាំបាច់ផ្សេងៗ៖ ប្រសិនបើមាន។

(ខ) ការខូចខាតរបស់សាច់ញាតិលោក ខ

* ថ្លៃព្យាបាល៖ ៣,០០០ ដុល្លារ
* ថ្លៃអ្នកមើលថែ៖ ៥០០ ដុល្លារ
* ប្រាក់ជីវព្រឹត្តិ៖ ២០០ ដុល្លារ/ខែ
* សោហ៊ុយបុណ្យសព៖ តាមជាក់ស្តែង និងសមរម្យ
* សំណងជម្ងឺចិត្តរបស់ម្តាយ និងក្មួយ
* ការខូចខាតផ្សេងៗ ដែលអាចបញ្ជាក់បង្ហាញបាន៕

រៀបរៀងដោយ លោកបណ្ឌិត សោម រតនា ទីប្រឹក្សាច្បាប់ និងជាអ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់