(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia សហការជាមួយ ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ បានរៀបចំឡើងនូវកម្មវិធីរត់កម្សាន្ត «សាទរជីវិតជាមួយការរត់ដើម្បីកុមារកម្ពុជា» ដើម្បីលើកកម្ពស់សុខភាព និងការរស់នៅដោយភាពរីករាយ ដែលប្រព្រឹត្តទៅនៅបុរី ប៉េង ហួត បឹងស្នោ គម្រោងហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន។
កម្មវិធីរត់ដើម្បីកុមារកម្ពុជា ត្រូវបានធ្វើឡើងដើម្បីអបអរការដាក់សម្ពោធផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី FWD សាទរជីវិត និងដើម្បីគាំទ្រការរៃអង្គាសថវិកាសប្បុរសធម៌ ទៅកាន់មន្ទីរពេទ្យកុមារគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។
កម្មវិធីសាទរជីវិតជាមួយការរត់ដើម្បីកុមារកម្ពុជា គឺបានប្រព្រឹត្តទៅក្នុងឱកាសនៃពិធីសម្ពោធជាផ្លូវការនៃផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី «FWD សាទរជីវិត» របស់ក្រុមហ៊ុន FWD Cambodia ដែលក្រោមអធិបតីភាពរបស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ជីម គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងតំណាងដៃគូសហការនានាក្នុងកម្មវិធីនេះ។ «ព្រឹត្តិការណ៍ខាងលើនេះ បានរៃអង្គាសថវិកាសរុបចំនួនច្រើនជាង ៨លានរៀល ដើម្បីបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា»។
គួរបញ្ជាក់ផងដែរថាកម្មវិធីរត់នេះ ទទួលបានការគាំទ្រពីនិយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា មូលនិធិគន្ធបុប្ផាកម្ពុជា និងការសហការគាំទ្រពី ក្រុមហ៊ុន ប៉េង ហួត គ្រុប, Cambodia Water, មន្ទីរពេទ្យសង់ត្រាល់, មន្ទីរសម្រាកព្យាបាលកុមារខ្មែរឃីដ និង Starbalm៕