(ភ្នំពេញ)៖ សាលាញូវហ្គេតវ៉េអន្តរជាតិ (NGIS) បានរៀបចំទិវាគ្រួសារ ដើម្បីបណ្តុះគំនិតសិស្សានុសិស្សឱ្យស្រលាញ់ និងដឹងគុណចំពោះមាតាបិតា អាណាព្យាបាល និងជាឱកាសក្នុងកសាងទំនាក់ទំនងរវាងឪពុកម្តាយ និងកូន ព្រមទាំងជាមួយមិត្តភក្តិឱ្យកាន់តែជិតស្និតថែមទៀត។
ទិវាគ្រួសាររបស់សាលាញូវហ្គេតវ៉េអន្តរជាតិ បានរៀបចំឡើងនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា បណ្ឌិតប៊ុន ណារី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា នៃសាលាញូវហ្គេតវ៉េអន្តរជាតិ ព្រមទាំងវត្តមានរបស់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សប្រមាណជាង៧០០នាក់។
កញ្ញា ណា អេនជីលីណា រចនា អគ្គនាយិការងនៃសាលាញូវហ្គេតវ៉េអន្តរជាតិ បានថ្លែងថា ការរៀបចំកម្មវិធីទិវាគ្រួសារនាពេលនេះ ដើម្បីជំរុញបន្ថែមឱ្យមានភាពស្និទ្ធស្នាល និងការដឹងគុណចំពោះមាតាបិតា របស់យើងទាំងអស់គ្នា។
កញ្ញាគូសបញ្ជាក់បន្តថា គុណបំណាច់របស់មាតាបិតាចំពោះកូនៗ គឺមានតម្លៃធំធេងខ្លាំងណាស់ ដែលមិនអាចកាត់ថ្លៃបាន ទោះបីជាលោកទាំងពីរជួបការលំបាកក្នុងជីវីតធ្ងន់ស្រាលយ៉ាងណាក៏ដោយ ក៏លោកទាំងពីរតស៊ូពុះពារគ្រប់ឧបសគ្គមិនដែលបោះបង់កូន។ ហើយការតស៊ូរបស់មាតាបិតា គឺមិនទាមទារអ្វីក្រៅពីចង់ឱ្យកូនៗទទួលបានចំណេះដឹងល្អៗ ខិតខំប្រឹងរៀនសូត្រឱ្យទៅជាពលរដ្ឋល្អ ដើម្បីកសាងប្រទេសជាតិឱ្យរុងរឿងទៅថ្ងៃអនាគត។
កញ្ញាបន្ថែមថា សាលាញូវហ្គេតវ៉េអន្តរជាតិ មិនត្រឹមតែបង្ហាត់ចំណេះដឹងបីភាសាដល់សិស្សានុសិស្សទាំងអស់នោះទេ គឺសាលាបានបន្ថែមចំណេះដឹងដល់សិស្សានុសិស្សឱ្យចេះចូលរួមការងារសង្គមជាតិ ជួយឧបត្ថម្ភដល់អ្នកដែលជួបបញ្ហាលំបាកមួយចំនួន ដោយសាលាតែងតែនាំប្អូនៗសិស្សានុសិស្សទៅជួយកុមារកំព្រា មណ្ឌលចាស់ជរា និងទីកន្លែងដែលខ្វះខាតនានាផងដែរ។
តាមរយៈការរៀបចំទិវាគ្រួសារនេះ កញ្ញា សង្ឃឹមថាមាតាបិតា អាណាព្យាបាលទាំងអស់ នឹងបន្តជួយគាំទ្រដល់ប្អូនៗសិស្សានុសិស្ស ដើម្បីលើកទឹកចិត្តពួកគេ និងបង្កើនភាពស្និតស្នាលរវាងម្តាយឪពុកកូនៗឱ្យកាន់តែមានភាពកក់ក្តៅ ដើម្បីជំរុញឱ្យកម្មវិធីទិវាគ្រួសារកាន់តែមានន័យមិនអាចបំភ្លេចបាន និងចងចាំនៅក្នុងចិត្ត។
លោកស្រី កើត សុធឿន អាណាព្យាបាលរបស់សិស្ស ហង្ស សុភណ្ឌបញ្ញា បានបង្ហាញក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធីទិវាគ្រួសារដែលរៀបចំឡើងដោយសាលាញូវហ្គេតវ៉េអន្តរជាតិ។ លោកស្រីបានលើកឡើងថា ការរៀបចំឡើងកម្មវិធីនេះ ពិតជាល្អណាស់ ដែលបានផ្តល់ឱកាសដល់កូនៗបានប្រតិបត្តិចំពោះឪពុកម្តាយ អាណាព្យាបាល និងបានបង្ហាញក្តីស្រលាញ់ចេញពីបេះដូង។
ទន្ទឹមគ្នានេះលោកស្រីបានកត់សម្គាល់ថា បន្ទាប់លោកស្រីបានបញ្ជូនកូនមកសិក្សានៅសាលាញូវហ្គេតវ៉េអន្តរជាតិ កូនៗរបស់លោកស្រី ក្រៅពីរៀនសូត្រកាន់តែប្រសើរជាងមុន និងមានទំនួលខុសត្រូវលើការសិក្សាហើយនោះ ពួកគេក៏មានអត្តចរិកល្អចំពោះឪពុកម្តាយ លោកគ្រូ អ្នកគ្រូនិងអ្នកនៅជុំវិញខ្លួនផងដែរ។
អាណាព្យាបាលសិស្សម្នាក់ទៀត គឺលោក កែវ សារ៉ាវុធ បានលើកឡើងថា បើសិនជាសាលាទាំងអស់ ទាំងរដ្ឋ និងឯកជន បានរៀបចំទិវាគ្រួសារ ដើម្បីឱ្យកូនគោរពប្រតិបត្តិចំពោះឪពុកម្តាយ គឺពិតជាល្អ ដែលនឹងជួយបណ្តុះគំនិតក្មេងៗឱ្យយល់ដឹងពីគុណឪពុកម្តាយ ចេះសំពះគោរពដឹងគុណ ព្រោះកូនៗមួយចំនួននៅផ្ទះស្ទើរតែមិនដែលសំពះឪពុកម្តាយនោះទេ ហើយបន្ថែមពីនោះក៏ជំរុញឱ្យគេកាន់តែខិតខំរៀនសូត្រផងដែរ។
យុវសិស្ស រតនៈ វិសាល សិស្សថ្នាក់ទី៧នៃសាលាញូវហ្គេតវ៉េអន្តរជាតិ បានបង្ហាញអារម្មណ៍រីករាយ និងអរគុណចំពោះសាលាញូវហ្គេតវ៉េអន្តរជាតិ ដើម្បីឱ្យខ្លួនមានឱកាសក្នុងការគោរពប្រតិបត្តិចំពោះឪពុកម្តាយ ខណៈដែលកន្លងមកហាក់មិនដែលមានឱកាសធ្វើបែបនេះឡើយ។
នៅក្នុងទិវាគ្រួសាតដែលរៀបចំឡើងនាពេលព្រឹកថ្ងៃទី៣ សីហា ក្រៅពីកូនបានឡើងគោរពប្រតិបត្តិឪពុកម្តាយនៅឆាក ក៏មានការសម្តែងទេពកោសល្យរបស់សិស្សានុសិស្ស ដូចជាការរាំ ការច្រៀងចម្រៀង និងសូត្រកំណាព្យបង្ហាញពីការដឹងគុណចំពោះឪពុកម្តាយ និងការសម្តែងសិល្បៈបុរាណ សម័យផ្សេងៗផងដែរ៕