(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ខ្នាតយក្ស Apple ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងដាក់បង្ហាញឧបរកណ៍ដែលអាចបត់បានចំនួនពីរនៅឆ្នាំ២០២៦ ពោលគឺ iPhone អេក្រង់បត់ទម្រង់ Flip និងមួយទៀតជាប្រភេទ Hybrid ដែលរួមបញ្ចូលគ្នានូវលក្ខណៈពិសេសរបស់ iPad និង MacBook ដែលមានអេក្រង់ទំហំ ១៨.៨អ៊ីញ នៅពេលលាតចេញ ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
យោងតាមរបាយការណ៍ចុងក្រោយពីអ្នកវិភាគដ៏ល្បីលោក Jeff Pu បានឱ្យដឹងថា ក្នុងចំណោមឧបករណ៍ដែលអាចបត់បានទាំងពីរនេះ iPad/MacBook hybrid នឹងបង្ហាញខ្លួនមុននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ដែលទំនងជានឹងចេញមកជាមួយនឹង iPhone 18។ ខណៈដែល iPhone អេក្រង់បត់វិញ នឹងបង្ហាញខ្លួនរហូតដល់ដំណាច់ឆ្នាំ២០២៦ ឯណោះ។
គួជម្រាបដែរថា ជុំវិញព័ត៌មានលម្អិតទាក់ទងទៅនឹងរបាយការណ៍នេះ ក្រុមហ៊ុន Apple នៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ។ ប្រសិនបើដំណឹងនេះ ជាការពិតនោះអ្នកគាំទ្រ Apple ទាំងអស់នឹងឃើញវត្តមានដំបូងរបស់ iPhone អេក្រង់បត់ជាមួយនឹងលក្ខណៈពិសេសជាច្រើន រួមទាំងមុខងារ AI ជាលើកដំបូង និងគ្មានស្នាមគន្លាក់បត់ នេះបើតាមពាក្យលេចធ្លាយកន្លងមក៕