(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានផ្ដល់នូវអនុសាសន៍ ៨ចំណុច ដល់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្នុងការពង្រឹង និងជំរុញការអភិវឌ្ឍឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ នាថ្ងៃអនាគត។

ការផ្ដល់អនុសាសន៍ណែនាំនេះ ធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីបិទមហាសន្និបាតបញ្ចប់អាណត្តិទី៥ (២០២០-២០២៥) និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២៤-២០២៨ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។

ឆ្លៀតឱកាសនោះ លោកបណ្ឌិត ថោង ខុន បានអបអរសាទរនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធអាណត្តិទី៦ ។ រីឯសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បន្ទាប់ពីដឹកនាំសហព័ន្ធ និងជំរុញការអភិវឌ្ឍប្រកបដោយចក្ខុវិស័យច្បាស់លាស់ច្រើនអាណត្តិ ត្រូវបានអង្គមហាសន្និបាតគាំទ្រធ្វើជាប្រធានកិត្តិយស បន្ទាប់ពីសម្ដេចមមាញឹកជាមួយការងារច្រើន និងបានដកខ្លួនពីការឈរឈ្មោះធ្វើប្រធានសហព័ន្ធ ។

លោកទេសរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ។ ក្នុងនោះបញ្ចកោណទី១ ផ្តោតលើ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ ដើម្បីអភិវឌ្ឍមូលធនមនុស្ស រាជរដ្ឋាភិបាល ផ្តោតអាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំកាយ និងកីឡា និងការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត»

ទន្ទឹមជាមួយគ្នា ភាពជោគជ័យជាប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល កោតសរសើរ ស្ញប់ស្ញែង និងមោទនភាព ចំពោះកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានឯកភាពឲ្យ NOCC ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។ NOCC ក៏បានត្រៀមរៀបចំផែនការមេ និងផែនការយុទ្ធសាស្ត្រ ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំទ្វីបនេះ ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលរាជធានីភ្នំពេញ សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តជំរុញអភិវឌ្ឍចលនាកីឡានៅកម្ពុជាឲ្យកាន់តែផុលផុសបន្ថែមទៀត។

យោងតាមរបាយការណ៍របស់សហព័ន្ធ លោកបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលបានបង្ហាញនូវការប្តេជ្ញាចិត្ត និងឆន្ទៈយ៉ាងមោះមុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការលើកស្ទួយវិស័យ កីឡាវាយកូនគោល ក៏ដូចជាអភិវឌ្ឍធនធានអត្តពលិកកីឡាវាយកូនគោលកម្ពុជាចូលរួមការប្រកួតអន្តរជាតិជាប្រចាំ ក៏ដូចជារៀបចំការប្រកួត និងពានរង្វាន់កម្រិតជាតិជាច្រើនផងដែរ ។

ឆ្លៀតឱកាសនោះ ដើម្បីរួមចំណែកក្នុងការជំរុញអភិវឌ្ឍកីឡាវាយកូនគោល ឈានទៅដណ្តើមមេដាយជូនជាតិ នាពេលអនាគត លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានផ្តល់នូវអនុសាសន៍ណែនាំចំនួន ០៨ចំណុច ដល់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា អាណត្តិទី៦ ដូចខាងក្រោម៖

១. ត្រូវរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍកីឡាវាយកូនគោលសម្រាប់អាណត្តិទី៦ ដោយកំណត់ចក្ខុវិស័យ បេសកកម្ម គោលដៅយុទ្ធសាស្រ្ត និងសូចនាករវាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្តយន្តការ ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប ។

២. បង្កើតក្រុមការងារទីផ្សារនិងចលនូបត្ថម្ភ និងក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រកួត ជាមួយនឹងការរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារ និងប្រតិទិនប្រកួតច្បាស់លាស់ ដើម្បីកៀកវិស័យឯកជន និងពង្រឹងភាពជាដៃគូជាមួយម្ចាស់ទីតាំងវាយកូនគោលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកការរៀបចំព្រឹត្តិការណ៍ប្រកួតជាតិ-អន្តរជាតិ ដែលជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យកីឡាវាយកូនគោលនៅកម្ពុជា។

៣. រៀបចំផែនការកម្មវិធីបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតដើម្បីធានានូវការរៀបចំព្រឹត្តិការណ៍ប្រកួតជាលក្ខណៈជាតិ-អន្តរជាតិប្រកបដោយគុណភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិ របស់សហព័ន្ធកីឡាវាយកូនគោលអន្តរជាតិ ។

៤. ពង្រឹងសុខដុមនីយកម្មការងារផ្ទៃក្នុង និងអភិបាលកិច្ចល្អសម្រាប់សហព័ន្ធ ស្របតាមគោល-ការណ៍មូលដ្ឋានជាសកលស្តីពីអភិបាលកិច្ចល្អរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ-IOC ។

៥. រៀបចំកម្មវិធីកំណត់ទេពកោសល្យ និងអភិវឌ្ឍ (Talent Identification and Development Program) សម្រាប់អត្តពលិកយុវជន ថ្នាល និងអត្តពលិកកម្រិតខ្ពស់ ដើម្បីឈានទៅធ្វើការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ និងស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ សហព័ន្ធត្រូវខិតខំស្វែងរកកូនខ្មែររស់នៅ និងហ្វឹកហាត់នៅក្រៅប្រទេសដែលមានកម្រិតបច្ចេកទេសខ្ពស់ ដើម្បីសហព័ន្ធបន្តគាំទ្រក្នុងការអភិវឌ្ឍគុណផលឈានទៅដណ្តើមមេដាយការប្រកួតជាអន្តរជាតិ នាពេលអនាគត ។

៦. បន្តខិតខំពង្រឹង និងពង្រីកក្លិបកីឡាវាយកូនគោលនៅកម្ពុជាជាមួយនឹងការជំរុញបង្កើនការចូលរួមសម្រាប់យុវជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាវាយកូនគោលទាំងបរិមាណ និងគុណភាព តាមរយៈកិច្ចសហការ និងកិច្ចគាំទ្រជាមួយទីលានវាយកូនគោលនៅតាមបណ្តារាជធានី-ខេត្ត ។

៧. ពង្រឹងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា NOCC ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាវាយកូនគោលតាមរយៈថវិកាគាំទ្រប្រចាំឆ្នាំរបស់រដ្ឋ គាំទ្រក្រុម- ជម្រើសជាតិ និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេស អត្តពលិក និងមន្ត្រីជំនាញ ។

៨. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពិសេសទំនាក់ទំនងស្អិតរមួតជាមួយសហព័ន្ធវាយកូនគោល អាស៊ី និងសហព័ន្ធវាយកូនគោលអន្តរជាតិ ក្នុងការធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិកីឡាវាយកូនគោលជាប្រចាំ ក៏ដូចជាស្នើសុំគម្រោងអភិវឌ្ឍ ។

ទន្ទឹមជាមួយគ្នា លោក ជា បូរ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការសហព័ន្ធ ក៏បានដាក់ចេញនូវផែនការសកម្មភាព សម្រាប់ទិសដៅអនុវត្តការងារបន្ដអាណត្តិទី៦ និងប្ដេជ្ញាបន្ដការខិតខំប្រឹងប្រែង ដើម្បីជំរុញការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះឲ្យកាន់តែរីកចម្រើន ពិសេសការពង្រឹងនូវធនធានកីឡាករ-កីឡាការិនីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ និងត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។

គួរដឹងថា សមាជិកគណៈកម្មាធិការប្រតិបត្តិថ្មី នៃសហព័ន្ធកីឡាវាយកូនគោលកម្ពុជា អាណត្តិទី៦ គឺមានចំនួន ១៣រូប ក្នុងនោះមានសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធានកិត្តិយស, ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ជាប្រធាន, លោក ជា បូរ៉ា ជាអគ្គលេខាធិការ, លោក កែវ រស់ ជាអគ្គហេរញ្ញិក ព្រមទាំងអគ្គលេខាធិការ ៧រូប និងសមាជិក ៣រូបផ្សេងទៀត ៕