(បរទេស)៖ សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា AI យក្ស OpenAI គឺលោក John Schulman បានបង្ហោះសារនៅលើបណ្ដាញសង្គម X នាថ្ងៃចន្ទម្សិលមិញនេះថា គាត់នឹងចាកចេញពី Microsoft ដែលជាក្រុមហ៊ុនធំនៅពីក្រោយ OpenAI ហើយនឹងទៅចូលរួមជាមួយ Anthropic ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) បង្កើតឡើងក្រោមការផ្តល់មូលនិធិពី Amazon ។
ការផ្លាស់ប្តូរនេះ បានកើតឡើងតិចជាងបីខែបន្ទាប់ពី OpenAI បានរំសាយក្រុម superalignment ដែលផ្តោតលើការព្យាយាមធានាថា មនុស្សអាចគ្រប់គ្រងប្រព័ន្ធ AI ដែលលើសពីសមត្ថភាពរបស់មនុស្សក្នុងកិច្ចការជាច្រើន។
បុគ្គលដែលមានសមត្ថភាពរូបនេះ បានសរសេរនៅក្នុងសារបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ជម្រើសនេះ កើតចេញពីបំណងប្រាថ្នារបស់ខ្ញុំ ក្នុងការធ្វើឱ្យការផ្តោតអារម្មណ៍របស់ខ្ញុំកាន់តែស៊ីជម្រៅលើការតម្រឹម AI និងដើម្បីចាប់ផ្តើមជំពូកថ្មីនៃអាជីពរបស់ខ្ញុំ ដែលខ្ញុំអាចត្រឡប់ទៅរកការងារបច្ចេកទេសដោយដៃវិញ»។
បើតាមទិដ្ឋភាពជាក់ស្ដែង លោក Schulman មិនមានបំណងចង់ចាកចេញទេ ប៉ុន្តែដោយសារតែខ្វះការគាំទ្រសម្រាប់ការងារថ្មីលើគម្រោងនៅក្រុមហ៊ុន OpenAI។
លោក Schulman ធ្លាប់ជាសហប្រធានដឹកនាំក្រុមបណ្តុះបណ្តាលរបស់ OpenAI ដែលបានកែលម្អគំរូ AI សម្រាប់ ChatGPT។ កាលពីខែមិថុនា OpenAI បាននិយាយថា លោក Schulman ក្នុងនាមជាប្រធានផ្នែកវិទ្យាសាស្ត្រ នឹងចូលរួមជាមួយគណៈកម្មាធិការសុវត្ថិភាព និងសន្តិសុខ ដែលនឹងផ្តល់ដំបូន្មានដល់ក្រុមប្រឹក្សាភិបាល។
យោងតាមជីវប្រវត្តិដែលបានចុះផ្សាយជាផ្លូវការ បានបញ្ជាក់ឱ្យដឹងថា លោក Schulman មិនបានបម្រើការងារនៅកន្លែងផ្សេងឡើយ ក្រៅពី OpenAI បន្ទាប់ពីលោកបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិត។
គួរបញ្ជាក់ផងដែរថា Anthropic ជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) មួយដែលបង្កើតឡើងនៅឆ្នាំ២០២១ ដោយអតីតបុគ្គលិករបស់ OpenAI ចំនួន ៧រូប ដោយក្នុងនោះមាន ២រូបគឺជាអតីតថ្នាក់ដឹកនាំជាប់ខ្ពស់ ហើយវាដំណើរការទៅបានដោយសារតែមានការគាំទ្រជាមូលនិធិធំពី Amazon ចំនួន ៤ពាន់លានដុល្លារ, ពី Google ចំនួន ២ពាន់លានដុល្លារ និងពីស្ថាប័នផ្សេងៗទៀតប្រមាណជាង ១ពាន់លានដុល្លារ៕