(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ក្រុមហ៊ុន GuarantCo, នៃសម្ព័ន្ធអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន (Private Infrastructure Development Group-PIDG) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលគោលបំណងបង្កើនបរិយាបន្នហិរញ្ញវត្ថុប្រកបដោយចីរភាព និងឱកាសវិនិយោគនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងបង្កើនសមត្ថភាពនៃការធានាឥណទានរបស់ CGCC តាមរយៈការចូលរួមរបស់ CGCC ក្នុងប្រតិបត្តិការធានាឥណទាន ជាមួយក្រុមហ៊ុន GuarantCo និងការទទួលបានជំនួយបច្ចេកទេសពី PIDG។

ជាមួយនឹងបទពិសោធន៍ធានាលើការបោះផ្សាយសញ្ញាបណ្ណចំនួនបី នៅកម្ពុជា ក្រុមហ៊ុន GuarantCo កំពុង សិក្សាលើការជួយអភិវឌ្ឍសមត្ថភាពធានារបស់ CGCC នៅក្នុងទីផ្សារមូលធន តាមរយៈកម្មវិធី PIDG Credit Enhancement Facility។

កម្មវិធីនេះមានគោលបំណងបង្កើនលទ្ធភាពធានាលើរូបិយប័ណ្ណក្នុងស្រុក នៅក្នុងទីផ្សារគោលដៅ តាមរយៈការចាប់ដៃគូជាមួយស្ថាប័នក្នុងស្រុក និងការប្រើប្រាស់ធនធានពី PIDG Group ពោលគឺ ការផ្តល់ការធានាបន្ត (Re-Guarantee) ដោយ GuarantCo និងជំនួយបច្ចេកទេសពី PIDG។

អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដំបូង របស់ភាគីទាំំងពីរ ក្នុងការឆ្ពោះទៅរកការរៀបចំក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូទូលំទូលាយមួយ ដែលភាគីទាំងពីរសង្ឃឹមថានឹងអាចចាប់ផ្តើមនៅក្នុងឆ្នាំនេះ ដោយរួមមាន ការផ្ទេរអ៊ិចស្ប៉ូស័រនៃការធានាទៅវិញទៅមក រវាង CGCC និង GuarantCo ក៏ដូចជា ជំនួយបច្ចេកទេសផងដែរ។

កម្មវិធីជំនួយបច្ចេកទេសរបស់ PIDG នឹងគាំទ្រ CGCC ក្នុងការរៀបចំឯកសារសំខាន់ៗ សម្រាប់ការធានាលើការបោះផ្សាយសញ្ញាបណ្ណ និងផ្តល់អ្នកប្រឹក្សាយោបល់លើប្រតិបត្តិការធានាឥណទាន ក៏ដូចជាផ្តល់ការគាំទ្រដល់ការកសាងសមត្ថភាព លើដំណើរការគ្រប់គ្រងឥណទាន ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Philippe Valahu នាយកប្រតិបត្តិរបស់ PIDG បានមានប្រសាសន៍ថា៖ «ដំណោះស្រាយហិរញ្ញប្បទានក្នុងតំបន់ គឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់យើង ហើយការបង្កើតឱ្យមានជំនួយសម្រាប់លើកកម្ពស់ឥណទាននៅក្នុងប្រទេស គឺជាគោលដៅសំខាន់មួយ ដើម្បីជួយអភិវឌ្ឍទីផ្សារក្នុងស្រុក។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ CGCC នឹងជួយពន្លឿនការងារនេះ»

លោក Layth Al-Falaki នាយកប្រតិបត្តិក្រុមហ៊ុន GuarantCo បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងអាចប្រើប្រាស់លទ្ធភាពធានាដើម្បីគាំទ្រដល់ CGCC ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួនសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព តាមរយៈទីផ្សារមូលធនក្នុងស្រុក ស្របតាមផែនការយុទ្ធសាស្ត្ររបស់ PIDG និង GuarantCo។ វត្តមានរបស់ក្រុមហ៊ុន GuarantCo នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ២០២២ តាមរយៈការធានាលើការបោះផ្សាយសញ្ញាប័ណ្ណរបស់ក្រុមហ៊ុន First Finance, Royal Railway និងក្រុមហ៊ុន Cellcard នៅឆ្នាំ២០២៣។ តាមរយៈអនុស្សរណៈនៃការយោគយល់ជាមួយ CGCC នេះ យើងនឹងបន្តសន្ទុះការងាររបស់យើងនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈកាន់តែប្រសើរឡើង»

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ថា៖ «យើងមានកិត្តិយសជាខ្លាំងដែលមានឱកាសសហការជាមួយក្រុមហ៊ុន GuarantCo ដែលជាក្រុមហ៊ុនផ្តល់ការធានាលំដាប់អន្តរជាតិ ទទួលបានទុនពីរដ្ឋាភិបាលចំនួន ៧នៃក្រុមប្រទេស G12 រួមមាន ចក្រភពអង់គ្លេស ស្វីស ស៊ុយអែត អូស្ត្រាលី ហូឡង់ កាណាដា និងបារាំង។ CGCC នឹងទទួលបានអត្ថប្រយោជន៍ពីជំនាញឯកទេស ក្នុងដំណើរការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់យើង។ យើងពិតជាមានសេចក្តីរំភើបជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយរំពឹងថានឹងទទួលបានការគាំទ្រដ៏រឹងមាំ ដែលអាចពង្រីកសមត្ថភាពធានារបស់យើង»

អំពី GuarantCo

GuarantCo កៀរគរការវិនិយោគរូបិយប័ណ្ណ ក្នុងស្រុកពីវិស័យឯកជនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនៅទូទាំងទ្វីបអាហ្វ្រិក និងអាស៊ី។ GuarantCo គឺជាផ្នែកមួយនៃ PIDG និងទទួលមូលនិធិពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ស្វីស អូស្ត្រាលី និងស៊ុយអែត តាមរយៈ PIDG Trust ពីប្រទេសហូឡង់ តាមរយៈ FMO និង PIDG Trust ពីប្រទេសបារាំង តាមរយៈមណ្ឌលប្រចាំការ និង Global Affairs ពីប្រទេសកាណាដា តាមរយៈជំនួយដែលផ្តល់សំណងវិញបាន។ GuarantCo ទទួលបានចំណាត់ថ្នាក់ឥណទាន កម្រិត AA ពីក្រុមហ៊ុនវាយតម្លៃ Fitch និងកម្រិត A1 ពីក្រុមហ៊ុនវាយតម្លៃ Moody's។ ចាប់តាំងពីឆ្នាំ ២០០៥ មក ក្រុមហ៊ុន GuarantCo បានគាំទ្រដល់ការកៀរគរប្រាក់វិនិយោគសរុបចំនួន ៦,៨ ពាន់លានដុល្លារ និងការវិនិយោគពីវិស័យឯកជនចំនួន ៥,៧ ពាន់លានដុល្លារ ដោយផ្តល់អត្ថប្រយោជន៍ពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដល់ប្រជាជនចំនួន ៤៤,៧ លាននាក់ និងបង្កើតការងារប្រមាណ ២៤៣.០០០។ សកម្មភាពរបស់ GuarantCo ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន GuarantCo Management Company ដែលជាផ្នែកមួយនៃស្ថាប័ន Cardano Development www.guarantco.com

អំពី PIDG

ក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន (PIDG) គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនវានុវត្តន៍ និងជាក្រុមហ៊ុនវិនិយោគ ដែលកៀរគរការវិនិយោគឯកជនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាព និងបរិយាបន្នកម្មក្នុងអនុតំបន់សាហារ៉ានៃទ្វីប អាហ្វ្រិក និងនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ការវិនិយោគរបស់ PIDG ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងការឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យ ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ PIDG សម្រេចបាននូវមហិច្ឆិតារបស់ខ្លួន ស្របតាមគុណតម្លៃរបស់ក្រុមហ៊ុនក្នុងការច្នៃប្រឌិតថ្មី ភាពជាដៃគូ សុវត្ថិភាព បរិយាបន្ន និងភាពបន្ទាន់។

PIDG ផ្តល់ជំនួយបច្ចេកទេសសម្រាប់សកម្មភាពក្នុងដំណាក់កាលដំបូង និងដើមទុនសម្បទាន។ ក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ PIDG ដែលផ្តោតលើការអភិវឌ្ឍគម្រោង រួមមាន InfraCo Africa និង InfraCo Asia ធ្វើការវិនិយោគលើការអភិវឌ្ឍគម្រោងក្នុងដំណាក់កាលដំបូង និងការវិនិយោគលើភាគហ៊ុនកម្មសិទ្ធិរបស់សាជីវកម្មនានា។ ដំណោះស្រាយឥណទានរបស់ PIDG រួមមាន EAIF (មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិកដែលកំពុងរីកចម្រើន) ជាមូលនិធិបំណុលចម្រុះដំបូងគេ និងទទួលបានជោគជ័យ នៅក្នុងទីផ្សារនៃប្រទេសដែលមានប្រាក់ចំណូលទាប ខណៈដែល GuarantCo ដែលជាស្ថាប័នធានាឥណទាន និងជាបុត្រសម្ព័ន្ធរបស់ PIDG ផ្តល់ការលើកកម្ពស់ឥណទាន និងដំណោះស្រាយរូបិយប័ណ្ណក្នុងស្រុកតាមរយៈការកាត់បន្ថយហានិភ័យរបស់គម្រោង និងបង្កើនការធានាលើឥណទានក្នុងស្រុក ដែលអនុញ្ញាតឱ្យមានការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ចាប់តាំងពីឆ្នាំ ២០០២ មក PIDG បានគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន២៣៣ ដោយបានផ្តល់ជូននូវលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថ្មី ឬប្រសើរជាងមុន ដល់ប្រជាជនប្រមាណជា ២២៨ លាននាក់។ PIDG ទទួលបានមូលនិធិពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ហូឡង់ ស្វីស អូស្ត្រាលី ស៊ុយអែត ក្រសួងកិច្ចការសកលនៃប្រទេសកាណាដា អាល្លឺម៉ង់ និង IFC។ pidg.org

អំពីសាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់នូវការធានាឥណទាន ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ CGCC បានប្រកាសជាផ្លូវការនូវការក្លាយខ្លួនជាបុគ្គលធានាលើការបោះផ្សាយសញ្ញាបណ្ណដំបូងគេរបស់កម្ពុជា បន្ទាប់ពីទទួលបានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា (SERC) និងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។ CGCC មានគោលបំណងផ្តល់ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់សាជីវកម្មក្នុងស្រុក នៅក្នុងទីផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងការកៀរគរទុន និងដើម្បីអភិវឌ្ឍវិស័យមូលបត្រនៅប្រទេសកម្ពុជា។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាលើឥណទានប្រមាណ ២០០លានដុល្លារ ដល់សហគ្រាសខ្នាតតូច និងមធ្យម ជាង ២.៣០០ អាជីវកម្ម។ www.cgcc.com.kh