(បាងកក)៖ ក្រុមហ៊ុន Marriott International នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសតែងតាំងលោក Brad Edman ឱ្យកាន់តំណែងជាអនុប្រធានទីផ្សារប្រចាំប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា។

ការប្រកាសតែងតាំងតួនាទីថ្មីមួយនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មីដ៏គួរឱ្យរំភើបក្នុងអាជីព ការងារដ៏ជោគជ័យ បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ២៦ឆ្នាំកន្លងមកជាមួយក្រុមហ៊ុន។

លោក Brad គឺជាអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចដ៏ឆ្នើមមួយរូប ដែលមានបទពិសោធន៍ចម្រុះជាច្រើន ជាមួយក្រុមហ៊ុន Marriott ដែលគាត់បានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៩៨ ក្នុងនាមជានាយកប្រតិបត្តិផ្នែកអាហារ និងភេសជ្ជៈ (Director of F&B Operations) នៅសណ្ឋាគារ Melbourne Marriott ហើយក្រោយមកបានផ្លាស់ប្តូរទៅជានាយកផ្នែកលក់ និងទីផ្សារ (Director of Sales & Marketing) របស់សណ្ឋាគារផងដែរ។

លោកបានបន្តពង្រីកអាជីពរបស់ខ្លួនទៅកាន់តំបន់អាស៊ីនៅក្នុងឆ្នាំ២០០៦ ក្នុងនាមជានាយកផ្នែកលក់ និងទីផ្សារប្រចាំតំបន់ (Area Director of Sales & Marketing) សម្រាប់ប្រទេសឥណ្ឌា ប៉ាគីស្ថាន ម៉ាឡេស៊ី និងម៉ាល់ឌីវ មុនពេលបន្តដំណើរទៅទីក្រុងបាងកក ដើម្បីមើលការខុសត្រូវផ្នែកលក់ និងទីផ្សារសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

ការប្រកបដោយ ជំនាញពាណិជ្ជកម្ម និងជំនាញភាសាការទូតរបស់គាត់ បាននាំឱ្យរូបលោកឈានទៅកាន់តួនាទី ជាអ្នកគ្រប់គ្រងទូទៅជាលើកដំបូងក្នុងអាជីពរបស់គាត់ នៅក្នុងឆ្នាំ២០១៣ ជាមួយសណ្ឋាគារ Courtyard by Marriott Seminyak Resort នៅកោះបាលី ដែលជាកន្លែងដែលលោកទទួលបានពានរង្វាន់ជាច្រើនដូចជា «ពានរង្វាន់អ្នកគ្រប់គ្រងទូទៅឆ្នើមប្រចាំឆ្នាំ - តំបន់អាស៊ីប៉ាស៊ីហ្វិក (General Manager of the Year - Asia Pacific)» និង «ពានរង្វាន់អ្នកគ្រប់គ្រងទូទៅលំដាប់ពេជ្រ (Diamond General Manager)»។

ក្រោយមក លោក Brad បានបើកសណ្ឋាគារ Renaissance Bali Uluwatu Resort & Spa ដែលរូបលោកក៏មានតួនាទីជាប្រធានគ្រប់គ្រងទូទៅរបស់សណ្ឋាគារនេះផងដែរ។

ចាប់តាំងពីឆ្នាំ២០១៩ មក លោក Brad បានកាន់តំណែងជាអ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Renaissance Phuket Resort & Spa និងជាអនុប្រធានពហុអចលនទ្រព្យ (Multi-Property Vice President) សម្រាប់ក្រុមហ៊ុន Marriott International ប្រចាំខេត្ដភូកេត ប្រទេសថៃ ។
នៅឆ្នាំ២០២៣ តួនាទីរបស់លោកត្រូវបានពង្រីកបន្ថែម ដើម្បីរួមបញ្ចូលផលប័ត្រ (Portfolio) របស់ក្រុមហ៊ុន Marriott នៅភាគខាងត្បូងប្រទេសថៃ។ ឥឡូវនេះក្នុងនាមជាអនុប្រធានទីផ្សារប្រចាំប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា លោក Brad មានផែនការ និងគោលដៅពង្រឹងវត្តមានពាណិជ្ជកម្ម របស់ក្រុមហ៊ុននៅក្នុងទីផ្សារសំខាន់ៗទាំងនេះ ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការអចលនទ្រព្យលើទីតាំងចំនួន ៥៤ និងម៉ាកយីហោចំនួន ១៦ ។

លោក Neeraj Govil ប្រធានប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មិនរាប់បញ្ចូលប្រទេសចិន នៃក្រុមហ៊ុន Marriott International បានមានប្រសាសន៍ថា «ខ្ញុំពិតជារីករាយក្នុងការស្វាគមន៍ និងចូលរួមអបអរលោក Brad ចំពោះតួនាទីថ្មីមួយនេះ ។ ជាមួយនឹងសមិទ្ធផលដ៏ឆ្នើម រួមជាមួយនឹងបទពិសោធន៍ចម្រុះផ្នែកពាណិជ្ជកម្ម និងការយល់ដឹងយ៉ាងស៊ីជម្រៅរបស់គាត់អំពីវប្បធម៌ និងគុណតម្លៃសាជីវកម្មរបស់ Marriott គាត់ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនជ្រើសរើស ដើម្បីកាន់តំណែងជាអ្នកដឹកនាំទីផ្សារនេះ និងដើម្បីជំរុញការរីកចម្រើនរបស់ក្រុមហ៊ុនយើងបន្ថែមទៀតនៅក្នុងប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា»។

ក្នុងដំណើរការអាជីពមួយដ៏គួរឱ្យចាប់អារម្មណ៍ លោក Brad តែងតែខិតខំពង្រីកចំណេះដឹងរបស់គាត់ ជាមួយនឹងនិន្នាការ និងការអភិវឌ្ឍន៍ឧស្សាហកម្មចុងក្រោយបង្អស់។

លោកបានបញ្ចប់វគ្គសិក្សា ភាពជាអ្នកដឹកនាំប្រតិបត្តិ របស់សាកលវិទ្យាល័យ Cornell នៅឆ្នាំ២០១៧ បន្ទាប់មកគាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យ Southern Cross របស់ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៩ ហើយលោកបានបញ្ចប់ការសិក្សាពីកម្មវិធី Driving Performance របស់សាលាពាណិជ្ជកម្ម Harvard នៅឆ្នាំ២០២១។
សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ លោក Brad មានទីលំនៅអចិន្ត្រៃយ៍ នៅទីក្រុងបាងកក ប្រទេសថៃ។
សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ារៀតអន្តរជាតិ សូមចូលទៅកាន់គេហទំព័រ www.marriott.com៕