(ភ្នំពេញ)៖ ផលិតកម្ម Galaxy Navatra បានសម្រេចដាក់កម្មសិទ្ធិបញ្ញាបទ «៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ព្រមទាំងបានចែកចាយគ្រប់ International Digital Platforms ទូទាំងពិភពលោកហើយ។ ការដាក់កម្មសិទ្ធិបញ្ញានេះ ដើម្បីការពារការលួចចម្លងណាមួយ និងជាការពញ្ញាក់ថា ជាកម្មសិទ្ធិផ្ដាច់មុខរបស់ Galaxy Navatra។

បទ «៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ត្រូវបានរាប់បញ្ចូលជាបទចម្រៀង ប្រវត្តិសាស្ត្ររបស់ជាតិដ៏មានសារៈសំខាន់មួយ ដោយខ្លឹមសារនៃបទចម្រៀងបានរៀបរាប់ពីដំណើរស្វែងរកសន្តិភាពរបស់សម្ដេចតេជោ និងឥស្សរជននានា គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម និងការសាមគ្គីជាតិដ៏មហិមា។ ជាពិសេសនោះ បានបង្ហាញពីសមត្ថភាពដ៏មានឥទ្ធិពលរបស់សម្ដេចធិបតី ជាគ្រាប់ពេជ្រនៃយុវជនជំនាន់ក្រោយ គឺការការពារសន្តិភាព និងជំរុញការអភិវឌ្ឍគ្រប់វិស័យ។

បទ «៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ត្រូវបានផលិតឡើងដោយផលិតកម្ម Galaxy Navatra ក្រោយការចុះដឹកនាំដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក ដោយការយកចិត្តទុកដាក់បំផុត។

បទចម្រៀងមួយនេះ មានតារាចម្រៀងច្រៀងរួមគ្នាជាង១០០នាក់ និងយុវជនច្រៀងអមជាង ៣,០០០នាក់ មកពីគ្រប់ក្រសួងស្ថាប័ន។ Full MV បានចេញកាលពីម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ពោលគឺចំថ្ងៃបើកការដ្ឋានតែម្ដង។ បច្ចុប្បន្នបទចម្រៀងនេះ កំពុងតែទទួលការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង។ ពលរដ្ឋស្ទើរពេញប្រទេសបានរៀនច្រៀងតាម ហើយមួយចំនួនធំ ពិសេសសិស្សនិស្សិត មន្ត្រីរាជការ បានចេះច្រៀងតាមយ៉ាងស្ទាត់ជំនាញ។

Full MV បទ «៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ប្រិយមិត្តដែលបានទស្សនារួច ពិតជាមានមោទនភាពលើជាតិជាខ្លាំង ព្រោះវីដេអូនៃបទចម្រៀង បានបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ សម្រស់ធម្មជាតិ វប្បធម៌ ប្រពៃណីជាដើម។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ Galaxy Navatra ដោយផលិតកម្មឈានមុខគេមួយនេះ កន្លងមកតែងតែផលិតបទចម្រៀងកម្រិតជាតិ និងអន្តរជាតិល្បីៗជាច្រើនជាបន្តបន្ទាប់។

សូមទស្សនា Full MV បទ «៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ទាំងអស់គ្នា៖