(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិបត្តិ និងសមាជិកនៃសមាគម ចូលរួមកិច្ចប្រជុំជាមួយលោក ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលមកពីអន្តរវិស័យមួយចំនួនទៀត រួមទាំងក្រុមការងារពាក់ព័ន្ធ ដើម្បីពិភាក្សាលើការត្រៀមរៀបចំកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងគោលបំណងផ្សព្វផ្សាយពីទេសចរណ៍ នៅលើទឹកដីខេត្តសៀមរាប។
ជាកិច្ចចាប់ផ្ដើម លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញនូវមោទនភាពចំពោះថ្នាក់ដឹកនាំ និងក្រុមការងារសមាគមទាំអស់ ដែលលះបង់កម្លាំងកាយចិត្ត ពេលវេលា ចូលរួមដឹកនាំ និងអនុវត្តតតួនាទីភារកិច្ចផ្សេងៗ របស់សមាគមរហូតមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីបុព្វហេតុវិស័យសិល្បៈវប្បធម៌ ក៏ដូចជាសកម្មភាពសប្បុរសធម៌នានា និងការងារសង្គមជាច្រើន ក្នុងនាមសមាគមសិល្បករខ្មែរ។
ជាក់ស្ដែងកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលគ្រោងរៀបចំនៅលើទឹកដីដ៏បវរនៃខេត្តសៀមរាប ជាសក្ខីភាពបន្ថែមទៀតបង្ហាញពីការចូលរួម របស់សមាគមសិល្បករខ្មែរ ដែលមិនត្រឹមតែយកចិត្តទុកដាក់ ចូលរួមក្នុងវិស័យសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែសមាគមក៏បានគិតគួរដោយផ្សារភ្ជាប់ចូលរួមក្នុងវិស័យទេសចរណ៍ផងដែរ។ នេះការអនុវត្តតាមផែនការសកម្មភាពរបស់សមាគម ដែលកន្លងមកតាមរយៈផែនការសកម្មភាពទាំងនោះហើយ បានក្លាយជាផែនទីចង្អុលផ្លូវសម្រាប់សមាគមសិល្បករខ្មែរ ប្រតិបត្តិតាមប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពលើការចូលរួមជួយដល់សង្គមជាតិ លើកិច្ចការងារក្នុងវិស័យវប្បធម៌ ហើយពេលនេះយើងក៏បានចូលរួមលើវិស័យទេសចរណ៍បន្ថែមទៀត ដែលត្រូវបានចាត់ទុកថា ជាឧស្សាហកម្មគ្មានផ្សែង និងជាការនាំចេញនៅនឹងកន្លែងនោះ។
លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម បានប្រកាសជំហរចូលរួមជាមួយនឹងក្រុមប្រឹក្សាភិបាល ក៏ដូចជាក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យផែនការសកម្មភាពផ្សព្វផ្សាយ ពីទេសចរណ៍តាមរយៈកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ប្រព្រឹត្តិទៅបានដោយរលូន ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផង និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់សមាគម ចូលរួមក្នុងកិច្ចការជួយសង្គមជាតិផង។ ជាពិសេសការគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកលើសមាគមសិល្បករខ្មែរ ដោយបានអនុញ្ញាតឱ្យសមាគមបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ នៅលើទីតាំងដ៏សមរម្យមួយ៕