(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” (គ.ច.យ.ខ.ព) បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីគាស់រំលើងនូវក្បាច់គុនបុរាណខ្មែរមួយចំនួន ដែលនៅគប់បាត់ ដើម្បីយកមករៀបចំធ្វើការអភិរក្ស និងអភិវឌ្ឍន៍ឡើងវិញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី០៧ ខែសីហានេះ លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដួចផ្ដើម និងគាំទ្ររៀបចំព្រឹត្តិការណ៍នេះ។
លោកទេសរដ្ឋមន្ដ្រីបន្ដថា «ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ជាប្រវត្តិសាស្រ្តនេះគឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសដូនតាខ្មែរមួយចំនួន ដែលបានគប់បាត់ ដើម្បីយកមករៀបចំធ្វើអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស នូវ “មរតកយុទ្ធគុនខ្មែរបុរាណ”»។
គួរដឹងថា រាជរដ្ឋាភិបាល បានឯកភាព និងអនុញ្ញាតជាគោលការណ៍ឲ្យ NOCC និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា សហការរៀបចំព្រឹត្តិការណ៍នេះ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤ តទៅ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងផ្នែកឯកជន ។ ក្នុងនោះ រាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចនូវគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព ដោយមានលោកបណ្ឌិត ថោង ខុន ជាប្រធាន និងលោក នេត្រ ភត្រា រដ្ឋលេខាធិការក្រសួងព័ត៌មាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្តទទួលធ្វើម្ចាស់ផ្ទះ ជាអនុប្រធាន និងសហព័ន្ធកីឡាជាតិ ពាក់ព័ន្ធ និងមន្ត្រីជំនាញមួយចំនួនជាសមាជិកសរុប ២៥រូប។
ក្នុងឱកាសនោះដែរ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងជាអនុប្រធានគណៈកម្មការអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ថា មានសហព័ន្ធកីឡាជាតិជាគោលចំនួន ៤ ដែលធ្វើការជាប្រចាំជាមួយគណៈកម្មការចំពោះកិច្ច រួមមានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ប្រដាល់គុនខ្មែរ, គុនល្បុក្កតោ និងយុទ្ធក្រមខម ដោយគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី គឺបើកជំហរដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ទម្រង់ គ្រប់ប្រភេទ ចូលរួមការប្រកួតដោយសេរី ទាំងលើវិញ្ញាសាប្រយុទ្ធ ដែលបែងចែកជា ២ គឺប្រកួតលក្ខណៈអាជីព និងស្ម័គ្រចិត្ត និងវិញ្ញាសាសម្ដែងមេគុន ។
បន្ថែមលើនេះ លោកក៏បានពន្យល់អំពីបទបញ្ជាការប្រកួត ដើម្បីបញ្ជ្រាបការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធចូលរួម បន្ទាប់ពីគណៈកម្មការបានរៀបចំនូវបទបញ្ជាបច្ចេកទេសការប្រកួតរួមមួយ ដែលមានលក្ខណៈវិទ្យាសាស្ដ្រកីឡា ។ ដើម្បីធានាដល់ការប្រកួតនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ គ.ច.យ.ខ.ព ក៏គ្រោងនឹងរៀបចំវគ្គបណ្ដុះបណ្ដាលបញ្ជ្រាបចំណេះដឹងបទបញ្ជាការប្រកួតដល់គ្រប់ភាគីពាក់ព័ន្ធផងដែរ មុនឈានដល់ការប្រកួតផ្លូវការ នាថ្ងៃទី១៨-២០ ខែតុលាខាងមុខ ។ ចំពោះប្រាក់រង្វាន់ គណៈកម្មការកំពុងនឹងធ្វើការស្នើសុំជាគោលការណ៍ តែលោក វ៉ាត់ ចំរើន នឹងមានប្រាក់រង្វាន់ដ៏សមរម្យមួយ មិនចាញ់ការប្រកួតពានរង្វាន់ តាមសង្វៀនទូរទស្សន៍នោះទេ ។
ចុងក្រោយលោកទេសរដ្ឋមន្ដ្រី ថោង ខុន បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកហាត់ក្បាច់គុនបុរាណខ្មែរទាំងអស់ ពិសេចាស់ព្រឹទ្ធាចារ្យទូទាំងប្រទេស សូមចុះឈ្មោះចូលរួមឲ្យបានច្រើន មិនថា វិញ្ញាសាប្រយុទ្ធ ឬវិញ្ញាសាសម្ដែង ដែលអនុញ្ញាតឲ្យចុះឈ្មោះពីអាយុ ១៥ឆ្នាំ រហូតដល់អាយុ ៧០ឆ្នាំ ដើម្បីបង្ហាញពីការចូលរួមផ្សព្វផ្សាយនូវក្បាច់គុនបុរាណខ្មែរ នៅតាមសគមន៍ដែលមិនធ្លាប់បានឃើញ មិនធ្លាប់បានលឺពីមុនមក ដើម្បីចូលរួមអភិរក្ស និងអភិរក្សនូវក្បាច់គុនមរកតដូនតាខ្មែរទាំងអស់គ្នា ក៏ដូចជាជំរុញការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យលើកដំបូងនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ប្រកបដោយគុណភាព និងគុណផល សម្រាប់មោទនភាពជាតិទាំងមូលផងដែរ ៕