(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី០៧ ខែសីហានេះ បានអនុញ្ញាតឲ្យប្រតិភូសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ដឹកនាំដោយលោកស្រី ក្លេខៃ ចិត្ដា ប្រធានក្រុមប្រឹក្សាអភិបាល និងជាប្រធានសមាគម ជួបសម្ដែងការគួរសម នៅទីស្នាក់ការ NOCC ក្នុងនោះ លោកទេសរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍គាំទ្រដល់សមាគមក្នុងការធានានិរន្តរភាពកិច្ចការអភិរក្សសត្វដំរីនៅកម្ពុជា។

បន្ទាប់ពីស្ដាប់របាយការណ៍របស់សមាគមក្នុងការអភិរក្សសត្វដំរី លោកបណ្ឌិត ថោង ខុន បានស្ងើចសរសើរ និងគាំទ្រចំពោះឆន្ទៈ និងការលះបង់របស់ថ្នាក់ដឹកនាំសមាគម ក៏ដូចជាក្រុមការងារទាំងអស់ ដើម្បីអភិរក្ស និងបង្កើននូវធនធានសត្វដំរីនៅកម្ពុជា ដែលជាប្រភេទសត្វ កំពុងស្ថិតក្នុងក្ដីបារម្ភរបស់ពិភពលោក ចំពោះការប្រឈមនឹងការបាត់បង់នាថ្ងៃអនាគត។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ដ្រី នឹងពិចារណារគាំទ្រក្នុងការបង្កើតព្រឹត្តិការណ៍កីឡានៅ ខេត្តខេត្តរតនគិរី ដើម្បីស្វែងរកមូលនិធិជួយដល់សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ដូចជាព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង និងកីឡាជិះកង់កម្សាន្តជាដើម។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ដ្រី នឹងខិតខំអំពាវនាវដល់គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡានានា ឱ្យមានការយល់ដឹងអំពីមូលនិធិអភិរក្សដំរីខ្មែរនេះ ដើម្បីពិចារណាក្នុងការចែករំលែកបដិភាគសប្បុរសធម៌កម្រិតណាមួយដល់មូលនិធិក្នុងកិច្ចការពារ និងអភិរក្សសត្វដំរីនៅកម្ពុជា។

បន្ថែមលើនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ខាងលើ លោកទេសរដ្ឋមន្ដ្រី ក៏បានចុះឈ្មោះជាសមាជិក (Gold) ជាមួយសមាគម ក៏ដូចជាធ្វើចលនាផ្សព្វផ្សាយដល់សមាជិកគ្រួសារ មិត្តភក្ដិ និងសហការីដើម្បីធ្វើការឧបត្ថម្ភថវិកាប្រចាំឆ្នាំដល់សមាគម ផងដែរ៕