(ហូជីមិញ)៖ អ្នកផ្សងសំណាងម្នាក់បានឈ្នះរង្វាន់ធំពីការផ្សងសំណាងឆ្នោតចំនួន ២២៨ពាន់លានដុង (៩លានដុល្លារ) កាលពីថ្ងៃអង្គារពីក្រុមហ៊ុនឆ្នោត Vietlott របស់វៀតណាមដែលជារង្វាន់ធំបំផុតទីពីរនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។ នេះបើយោងតាមកាសែត VnExpress។

ក្រុមហ៊ុន Vietlott មិនបានបង្ហាញព័ត៌មានលម្អិតរបស់អ្នកឈ្នះរង្វាន់ធំនេះទេដោយគ្រាន់តែបានបង្ហើបថា អ្នកឈ្នះរង្វាន់ធំនោះគឺជាអតិថិជនរបស់ក្រុមហ៊ុនទូរគមនាគមន៍ Viettel។ សំបុត្រឆ្នោតដែលឈ្នះមានលេខ ២២-៣៤-៤៤-៤៦-៥៤-៥៥-១៤។

កាសែត VnExpress បានរាយការណ៍ថា មនុស្ស ៣៧នាក់ផ្សេងទៀតបានឈ្នះប្រាក់រង្វាន់ចំនួន ៤០លានដុង (ប្រហែល ១ ៥០០ដុល្លារអាមេរិក) ក្នុងម្នាក់ៗ ហើយមនុស្សរាប់ពាន់នាក់ទៀតបានឈ្នះរង្វាន់ជាទឹកប្រាក់ក្នុងបរិមាណតិចជាងនេះ។

ប្រាក់រង្វាន់ធំបំផុតដែលអតិថិជនរបស់ក្រុមហ៊ុន Vietlott ធ្លាប់បានឈ្នះកន្លងមកមានទឹកប្រាក់ចំនួន ៣១៤ពាន់លានដុង។ ទឹកប្រាក់ដ៏ច្រើននេះត្រូវបានចែករំលែកដោយអ្នកឈ្នះពីរនាក់នៅក្នុងទីក្រុងហូជីមិញកាលពីខែមេសា។

ក្រុមហ៊ុនឆ្នោតរដ្ឋរបស់វៀតណាមួយនេះបានលក់ឆ្នោតក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ហើយរហូតមកដល់ពេលនេះលក់បាន ៥៣៧លានសន្លឹក និងមានអ្នកត្រូវរង្វាន់ចំនួន ១៥លានរង្វាន់។ ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលចំនួន ៦,៣៣ពាន់ពាន់លានដុងកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត VnExpress៕