(ឡុងដ៍)៖ លោក Lee Carsley ត្រូវបានគេរំពឹងថា នឹងត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្ននៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសឈុតធំផ្នែកបុរស នៅពេលដែលពួកគេនឹងត្រូវប្រកួតលីគ Nations League ទល់នឹងក្រុមអៀរឡង់ និងហ្វាំងឡង់នាខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
លោក Carsley បានដឹកនាំក្រុមអង់គ្លេស U-21 ខណៈពួកគេបានឈ្នះពានរង្វាន់ European Championship ក្នុងឆ្នាំ២០២៣ ជាលើកដំបូង ក្នុងរយៈពេល ៣៩ឆ្នាំ។
លោក Gareth Southgate បានលាឈប់ពីតំណែងអ្នកចាត់ការអង់គ្លេស ២ថ្ងៃ បន្ទាប់ពីចាញ់អេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤ កាលពីខែមុន។
Carsley វ័យ ៥០ឆ្នាំ គឺជាអតីតខ្សែបម្រើនៅលីគ Premier League ដែលលេងនៅក្លិបជាច្រើន រួមទាំងក្លិប Derby និងក្លិប Everton ក្នុងអាជីពរយៈពេល ១៧ឆ្នាំ។
លោកបានប្តូរទៅអាជីពអ្នកចាត់ការ និងបានទទួលបន្ទុកដឹកនាំក្លិប Coventry, Brentford និងក្លិប Birmingham ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្ន មុនពេលចូលដឹកនាំក្រុមអង់គ្លេស U-21 ក្នុងឆ្នាំ២០២០៕