(ប៉ារីស)៖ ក្រុមអត្តពលិករបស់ប្រទេសប្រជាមានិតចិន បានកំពុងបន្តប្រដេញមេដាយអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ នៅបារាំង ជាមួយសហរដ្ឋអាមេរិកពីតំណែងកំពូលតារាងមេដាយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហានេះ មុនពេលកម្មវិធីប្រកួតទាំងស្រុង នឹងបិទបញ្ចប់នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
យោងតាមការចេញផ្សាយដោយគេហទំព័រ Olympics លើកទី៣៣ នៅថ្ងៃនេះបានបញ្ជាក់ថា ចិនបន្តឈរនៅលេខ២ ក្នុងតារាងចំណាត់ថ្នាក់មេដាយ ក្រោយដណ្តើមបានមេដាយសរុបបណ្តោះអាសន្ន ៦៥គ្រឿង តាមពីក្រោយអាមេរិក ដែលមានមេដាយសរុបកើនដល់ ៩៤គ្រឿងឯណោះ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញចាប់តាំងពីថ្ងៃទី២៦ ខែកក្កដាមក ទៅលើ ៣២ប្រភេទកីឡានៅទីក្រុងប៉ារីស។
ជាមួយគ្នានោះដែរ ម្ចាស់ផ្ទះបារាំងវិញ ក៏កំពុងឈរនៅលេខរៀងទី៤ ដោយទើបដណ្តើមបានមេដាយមាស ១៣គ្រឿងប៉ុណ្ណោះ ចាញ់ប្រៀបក្រុមលេខ៣ អូស្រ្តាលី ដែលមានមេដាយមាស ១៨គ្រឿង។
ចំណែកឯប្រទេសស្ថិតនៅទ្វីបអាស៊ី គឺជប៉ុន អតីតម្ចាស់ផ្ទះអូឡាំពិក រដូវក្តៅកាល ៣ឆ្នាំមុន ដែលធ្លាប់ឈរទីកំពូលតារាងមុនគេនោះ បានធ្លាក់មកលេខរៀងទី៧ បណ្តោះអាសន្នវិញ ដែលទើបមានមេដាយមាស ១២គ្រឿង ក្នុងចំណោមមេដាយសរុប ៣១គ្រឿង៕