(ម៉ាឌ្រីដ)៖ Rafael Nadal កីឡាករវាយកូនបាល់ទោលសញ្ជាតិអេស្ប៉ាញ បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍ US Open 2024 នៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមក្នុងខែសីហានេះ ដោយមិនបានបញ្ជាក់មូលហេតុពិតប្រាកដឡើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នេះមានន័យថា អតីតកីឡាករលំដាប់លេខ១ ពិភពលោករូបនេះ បន្តខកខានក្នុងកម្មវិធីធំលំដាប់ Grand Slam ថែមទៀត គិតចាប់តាំងពីចូលរួមលើកចុងក្រោយកាលឆ្នាំ២០១៩ ក្នុងនាមអតីតជើងឯក ៤សម័យកាលផងនោះ។

គួរកត់ចំណាំផងថា កីឡាករចាស់វស្សា វ័យ ៣៨ឆ្នាំរូបនេះ ពុំបានបញ្ជាក់ពីកត្តាសុខភាព និងស្ថានភាពរបួស ដែលនាំឱ្យឈានដល់ការដកខ្លួននេះទេ ពីកម្មវិធីដែលនឹងរៀបចំឡើងនៅទីក្រុង New York សហរដ្ឋអាមេរិក។

តាមរយៈសារយ៉ាងខ្លីដែលបានបង្ហោះនៅលើសង្គម X បានបញ្ជាក់ថា «US Open ដែលចាប់ផ្តើមនៅថ្ងៃទី១៩ ខែសីហា ជាទីដែលគួរចងចាំបំផុតសម្រាប់ខ្ញុំ។ ខ្ញុំនឹងបន្តខកខានទៀតហើយ»

ក្រៅពី US Open កីឡាករជំនាញលើទីលានដីឥដ្ឋរូបនេះ ក៏បានដកខ្លួនពីកម្មវិធី Australian Open នាអំឡុងខែមករា ឆ្នាំ២០២៤ និង Wimbledon នៅអង់គ្លេសទៀតផង ដោយសាររបួស និងយកពេលផ្តោតសំខាន់ទៅលើអូឡាំពិក រដូវក្តៅនៅបារាំង ជាទីដែល Nadal បានចាញ់ម្ចាស់មេដាយមាស Novak Djokovic ក្នុងវិញ្ញសាវាយទោលបុរស និងធ្លាក់ត្រឹមវគ្គ ៨ក្រុមក្នុងវិញ្ញាសាវាយគូ នៅពេលបានចាប់ដៃគូជាមួយ Carlos Alcaraz នោះ៕