(ភ្នំពេញ)៖ ប្រទេសចំនួន៦ ដែលមានសិង្ហបុរី ​ម៉ាឡេស៊ី ថៃ...ជាដើមនេះ​គ្រោងចូលរួមការប្រកួតធ្វើម្ហូបនិងបដិសណ្ឋារកិច្ចនៅកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍លើវិស័យផ្គត់ផ្តង់ម្ហូបអាហារនិងបដិសណ្ឋារកិច្ច  ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់ខ្មែរ និងធ្វើការទាក់ទាញម្ចាស់អាជីវកម្មក្រៅប្រទេសឲ្យដាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនថែមទៀត។

តាមរយៈព្រឹត្តិការណ៍ពិព័រណ៍លើវិស័យផ្គត់ផ្គង់ម្ហូប អាហារនិងបដិសណ្ឋានកិច្ច ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី 6 ដល់ថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2024 ខាងមុខនេះ ក៏នឹងមានការដាក់បញ្ចូលនូវការប្រកួតប្រជែងចម្អិន ម្ហូបនិងបដិសណ្ឋារកិច្ចថ្នាក់ជាតិដែលនឹងធ្វើឡើង ក្នុងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅរាជធានីភ្នំពេញ។
បើតាមលោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជាបានឱ្យដឹងថា ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំនេះនិងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបឲ្យកាន់តែប្រសើរ។ លោកបញ្ជាក់ថា៖ «យើងបានសិក្សាបញ្ហាប្រឈមនានាដើម្បីកែតម្រូវនិងពង្រឹងជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិនិងអន្តរជាតិសម្រាប់ធ្វើឲ្យប្រសើរឡើងនៃម្ហូបដល់សំបូរបែបរបស់កម្ពុជា»

ជុំវិញរឿងនេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីការរៀបចំពិព័រណ៍camfood and comehotel 2024 បានឱ្យដឹងថា ការរំលេចឡើងនៃព្រឹតិ្តការណ៍ប្រកួតប្រជែងចំអិនម្ហូបអាហារនិងបដិសណ្ឋារកិច្ចថ្នាក់ជាតិឆ្នាំ 2024នេះ និងបង្ហាញអំពីការប្រកួតជំនាញធ្វើម្ហូបនិងភាពច្នៃប្រឌិតផងដែរ ក្នុងនោះរួមមាន៖ ការឆ្លាក់ផ្លែឈើនិងបន្លែម្ហូបបួសការរចនានំអភិពាហ៍និងជំនាញបដិសណ្ឋារកិច្ចដូចជាការរៀបចំគ្រែការរៀបចំផ្កាការប្រកួតរៀបចំតុ និង sommelier, Waiterthon ជាដើម។

ជាមួយគ្នាផងដែរ នៅក្នុងសន្និសិទដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤នេះ លោក លូ ម៉េង នាយកប្រតិបត្តិចុងភៅនៅកម្ពុជាក៏បានលើក ឡើងពីឱកាសនៃការវិនិយោគរបស់ម្ចាស់អាជីវកម្មផលិតផលខ្មែរជាមួយនឹងបណ្តាក្រុមហ៊ុនទាំងក្នុងនិងក្រៅប្រទេសផងដែរ។ លោកបានឱ្យដឹងថា សម្រាប់ការ ប្រកួតធ្វើម្ហូបនិងបដិសណ្ឋារកិច្ច គឺនឹង​ព្យាយាម​ឱ្យមានការចូលរួមរហូតដល់ទៅ 40 ប្រទេស ហើយផលិតផលរបស់កសិករសំខាន់ៗដែលមាន ម្រេច គ្រាប់ស្វាយចន្ទី ស្វាយ អង្ករ...ជាដើមនេះ គឺនឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីដ៏អស្ចារ្យនោះដែរ។ លោកបន្តថា ការរៀបចំនេះទៀតសោតក៏ដើម្បីផ្សព្វផ្សាយពីការបញ្ចេញសមត្ថភាព ជំនាញ បច្ចេកទេស និងទេពកោសល្យធ្វើម្ហូបរបស់ខ្មែរដែរ ហើយវាក៏ជាឱកាសជ្រើសរើសនូវស្នាដៃធ្វើម្ហូបដែលល្អបំផុត។ លោកបញ្ជាក់ថា៖ «សម្រាប់ម្ហូបដែលទទួលបានជ័យលាភីយើងនឹងដាក់បញ្ចូលធ្វើជាម្ហូបជាតិ ដោយមានការទទួលស្គាល់»

សូមបញ្ជាក់ថា តាមរយៈប្រតិការណ៍ដ៏អស្ចារ្យនេះគេបានវាយតម្លៃទៅលើវិស័យបដិសណ្ឋារកិច្ចនិងម្ហូប អាហាររបស់កម្ពុជាថានឹងមានកំណើនដែលមិនធ្លាប់មានពីមុនមក ដោយសារការជំរុញដោយកំណើនទេសចរណ៍និងការពង្រីកទីផ្សារក្នុងស្រុក។ ការតាំងពិព័រណ៍នេះ គឺជាយុទ្ធសាស្ត្រដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការបង្កើនការផ្សព្វផ្សាយមុខម្ហូបខ្មែរលើឆាកអន្តរជាតិដែរ។ នេះបើយោងតាមលោកឌិន សុមេធារិទ្ធ ប្រធានសហ ព័ន្ធទេស ចរណ៍កម្ពុជាបានលើកឡើងនៅក្នុងសន្និសីទខាងលើនេះ។

យ៉ាងណាក៏ដោយសម្រាប់ព្រឹតិ្តការណ៍ពិព័រណ៍ camfood and camhotel 2024 ដែលនឹងចាប់ ផ្ដើមនៅចុងឆ្នាំ 2024 នេះ ត្រូវបានគេរំពឹងថា នឹងមានក្រុមហ៊ុនដាក់តាំងបង្ហាញផលិតផលជាង 150 មកចូលរួម ជាមួយនឹងអ្នកទស្សនាជាង 12000នាក់។ សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងឆ្លុះបញ្ចាំងពីកំណើនដ៏រឹងមាំនិងសក្តានុពលដ៏ធំធេងនៃឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា៕