(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor នៅថ្ងៃពុធសប្តាហ៍នេះបានរាយការណ៍ពីការកើនឡើងនៃប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនចំនួន ២៣ភាគរយសម្រាប់ត្រីមាសដែលចាប់ផ្តើមនៅខែមេសា និងបញ្ចប់ខែមិថុនា ឆ្នាំ២០២៤។ ខណៈកំណើននេះ ត្រូវបានជំរុញដោយប្រាក់យ៉េនធ្លាក់ចុះ ដោះដូរនឹងអត្រាប្រាក់បរទេស រួមទាំងការកើនឡើងនៃចំនួនលក់រថយន្តកូនកាត់នៅក្នុងសហរដ្ឋអាមេរិ និងទីផ្សារក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧​ ខែសីហា ឆ្នាំ២០២៤។

Honda គឺជាក្រុមហ៊ុនផលិតរថយន្តធំទីពីររបស់ប្រទេសជប៉ុន។ តាមរយៈការនាំចេញនាពេលថ្មីៗនេះបាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសរបស់ខ្លួនកើនឡើងដល់ ៤៨៤.៧ពាន់លានយ៉េន (ប្រហែល ៣.៣ពាន់លានដុល្លារ) ក្នុងអំឡុងខែមេសា ដល់ខែមិថុនា ច្រើនជាងបើធៀបនឹងការប៉ាន់ប្រមាណជាមធ្យមចំនួន ៣.២ពាន់លានដុល្លារនៅក្នុងការស្ទង់មតិរបស់អ្នកវិភាគប្រាំពីរអ្នកមកពីក្រុមហ៊ុន LSEG។

បន្ថែមពីនេះ ក្រុមហ៊ុន Honda បានព្យាករណ៍ថាពេញមួយឆ្នាំ២០២៤ នេះ ប្រាក់ចំណេញរបស់ខ្លួននឹងកើនឡើងដល់ ១.៤២ពាន់ពាន់លានយ៉េន (ប្រហែល ៩.៧ពាន់ពាន់លានដុល្លារ) ខណៈទំហំប្រាក់ចំណេញនេះមិនរាប់បញ្ចូលការលក់រថយន្តចំនួន ២២០,០០០គ្រឿងក្នុងទីផ្សារប្រទេសចិន។

គួរជម្រាបដែរថា តាមការប្រកាសរបស់ Honda កាលពីសប្តាហ៍មុន ការនាំចេញរថយន្តសកលរបស់ខ្លួនបានកើនឡើង ២ភាគរយ ដល់ ១.៩លានគ្រឿងក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ដែលភាគច្រើនបានមកពីការកើនឡើង​ ៩ភាគរយនៃការលក់នៅក្នុងទីផ្សារកំពូលសហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ក្រុមហ៊ុននេះក៏បានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសចិនផងដែរ ដែលនឹងឈានដល់ការបាត់បង់ ២៣ភាគរយ មកនៅត្រឹម ៤១៦,០០គ្រឿង។ ខណៈ Honda គ្រោងនឹងបិទរោងចក្រក្នុងប្រទេសចិន និងបញ្ឈប់ការផលិតរថយន្តថែមទៀតផង ចំពេលមានការប្រកួតប្រជែងខ្លាំងពីម៉ាករថយន្តចិនថ្មីៗនេះ៕