(ឡុងដ៍)៖ ថ្នាក់ដឹកនាំ EFL និង Premier League រួមទាំងក្រសួងវប្បធម៌ និងកីឡាអង់គ្លេស បានចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីផ្ទុះកុបកម្មកាលពីថ្ងៃពុធ ទី០៧ ខែសីហា ដ្បិតលីគរដូវកាលថ្មីឆ្នាំ២០២៤-២០២៥ ត្រៀមចាប់ផ្តើមពីចុងសប្តាហ៍នេះតទៅហើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រក្នុងស្រុក Birmingham នៅថ្ងៃនេះ។

ព្រឹត្តិការណ៍ EFL ដែលនឹងចាប់ផ្តើមមុនគេនាចុងសប្តាហ៍នេះ ត្រូវបានគេជឿជាក់ថា នឹងដំណើរការទៅតាមគម្រោងដែលបានកំណត់ដដែល។

បើយោងតាមការចេញផ្សាយដោយគេហទំព័រ The Guardian បានបញ្ជាក់ថា ការពិភាក្សានេះ មិនផ្តោតសំខាន់តែទៅលើស្ថានភាពដែលបានកំពុងផ្ទុះឡើងនោះទេ ដែលអាចចាត់ទុកថា បង្កការរំខានដល់ការប្រកួតនោះ ដ្បិតស្ថានការណ៍កំពុងស្ថិតក្នុងការគ្រប់គ្រងបាននៅឡើយ។

ក៏ប៉ុន្តែនៅចំពោះមុខទីក្រុងធំៗ និងទីប្រជុំជននានាទូទាំងប្រទេសអង់គ្លេស បានប្រែក្លាយជាទីតាំងបង្កហឹង្សា និងអនាធិបតេយ្យ ជាមួយនឹងមនុស្សជាង ៤០០នាក់ត្រូវបានឃាត់ខ្លួន ដែលបានប្រមូលផ្តុំគ្នាប្រឆាំងទៅនឹងអន្តោប្រវេសន៍។

កងកម្លាំងនានាត្រូវបានបញ្ជូន ដើម្បីទប់ស្កាត់ទៅនឹងស្ថានភាពដែលកំពុងផ្ទុះឡើង ដោយមានទាំងក្រុមប៉ូលិស Interpol ថែមទៀតផង ដែលត្រូវបានបញ្ជូនទៅកាន់ទីក្រុង Manchester និងតំបន់ផ្សេងៗទៀតនៅទូទាំងអង់គ្លេសតែម្តង៕