(ភ្នំពេញ)៖ បណ្ដាប្រទេសចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ កាលពីថ្មីៗ បានលាន់មាត់ និងស្ងើចសរសើរ ចំពោះការធ្វើបានយ៉ាងល្អរបស់ក្រុមកីឡាហាប់គីដូកម្ពុជា ដ្បិតទើបចូលរួមការប្រកួតអន្ដរជាតិលើកដំបូង ពិសេសធនធានថ្នាល ដែលបានបង្ហាញនូវសមត្ថភាព និងបច្ចេកទេសល្អក្នុងការប្រកួតដ៏ធំនេះ។

នេះបើតាមការលើកឡើងរបស់លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹក ក្រោយដឹកនាំប្រតិភូ និងអត្តពលិកកីឡាហាប់គីដូកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ កាលពីថ្ងៃអង្គារកន្លងទៅ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យពីការបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ កាលពីឆ្នាំ០១-០៤ ខែសីហាកន្លងទៅ ដោយដណ្ដើមបានមេដាយសរុប ៤០គ្រឿង (មាស ១២ ប្រាក់ ១៣ និងសំរឹទ្ធ ១៥)។

ក្រោយធ្វើដំណើរមកដល់មាតុភូមិតាមរថយន្ដក្រុងដោយសុវត្ថិភាព លោកបានបញ្ជាក់ថា សហព័ន្ធមិននឹកស្មានក្រុមកីឡាករ-កីឡាការិនីកម្ពុជា ធ្វើបានល្អបែបនេះឡើង ដ្បិតមុនចេញដំណើរ លោកមានក្ដីបារម្ភច្រើន ពិសេសលើបទបញ្ជាការប្រកួត ក៏ដូចជាឧបសគ្គជាក់ស្ដែងលើលក្ខខណ្ឌបច្ចេកទេសការប្រកួត ។ តែដោយសារការខំប្រឹងអស់ពីសមត្ថភាពរបស់កីឡាករ-កីឡាការិនី បានជម្នះឧបសគ្គទាំងអស់នោះ រហូតដណ្ដើមបានមេដាយលើសពីការរំពឹងទុក ព្រោះការប្រកួតសហព័ន្ធរំពឹងឈ្នះមេដាយមាស ២ ឬ ៣គ្រឿងប៉ុណ្ណោះ ។

ទន្ទឹមជាមួយសមិទ្ធផលដ៏ត្រចះត្រង់ភ្លូកទឹកភ្លូកដីពីការប្រកួតអន្ដរជាតិលើកដំបូងនេះដែរ បានធ្វើឲ្យបណ្ដាប្រទេសចូលរួម មានការភ្ញាក់ផ្អើល និងកោតសរសើរក្រុមកីឡាហាប់គីដូកម្ពុជា ពិសេសមានកីឡាករ-កីឡាការិនីក្មេងតូចៗ ចូលរួមការប្រកួត ហើយដណ្ដើមបានលទ្ធផលល្អថែមទៀត ជាក់ស្ដែងកុមារា សុខុន សីហនុត ដែលដណ្ដើមបានមេដាយមាស ៤ និងសំរឹទ្ធ ១ ម្នាក់ឯង ហើយត្រូវបានជ្រើសរើសជាកីឡាករល្អជាងគេក្នុងប្រភេទអាយុក្រោម ១២ឆ្នាំ ក្នុងនាមកីឡាករមានសុជីវធម៌ល្អ និងដណ្ដើមបានលទ្ធផលល្អទៀតផង ។

យោងតាមលទ្ធផលនេះដែរ លោក គង់ ចាន់ធីណា បានចាត់ទុកជាការចាប់ផ្ដើមដ៏ល្អ ដើម្បីជាកម្លាំងចិត្តជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូកម្ពុជាឲ្យកាន់តែរីកចម្រើន ។ ប្រសិនបើមានឱកាសចូលរួមការប្រកួតលើកក្រោយៗទៀត សហព័ន្ធនឹងខិតខំប្រឹងប្រែងសម្រិតសម្រាំង ក៏ដូចជាស្វែងយល់ឲ្យកាន់តែច្បាស់លើលក្ខខណ្ឌ និងច្បាប់ទម្លាប់ផ្សេងៗ ដើម្បីចៀសវាងមានបញ្ហាបច្ចេកទេសកំឡុងការប្រកួត ហើយលោកក៏សង្ឃឹមថា ក្រុមកីឡាហាប់គីដូកម្ពុជា នឹងទទួលបានសមិទ្ធផលកាន់តែល្អប្រសើរងជាងនេះផងដែរ ។

ឆ្លៀតឱកាសទទួលស្វាគមន៍ក្រុមកីឡាហាប់គីដូកម្ពុជាខាងលើដែរ លោក គួច ហុងចៀក អនុប្រធានសហព័ន្ធ បានកោតសរសើររបស់ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនីទាំងអស់ ចំពោះការខិតខំប្រឹងប្រែង រហូតដណ្ដើមបានមេដាយដ៏គួរឲ្យភ្ញាក់ផ្អើលជូនជាតិ ។ ពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភពីរដ្ឋ លោកមិនទាន់ច្បាស់នោះទេ ដ្បិតនេះគឺជាការប្រកួតអន្ដរជាតិលើកដំបូង តែសហព័ន្ធនឹងព្យាយាមធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកការគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជយលាភី បន្ថែមលើការឧបត្ថម្ភរបស់សប្បុរសជនភ្លាមៗ បន្ទាប់ពីការធ្វើដំណើរដល់ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃអង្គារកន្លងទៅ ៕