(បរទេស)៖ បន្ទាប់ពីឈានជើងចូលប្រឡូកក្នុងទីផ្សារថយន្តអគ្គិសនីនៅប្រទេសម៉ិចស៉ីកូរួចរាល់ នៅពេលនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់ចិន BYD ចាប់ផ្តើមប្រឡូកក្នុងទីផ្សារប្រទេសកាណាដាជាផ្លូវការហើយ ដែលត្រូវបានគេរំពឹងថា នឹងនាំយករថយន្តដែលមានតម្លៃថោក សម្រាប់ទីផ្សារប្រទេសនេះ។ ទោះជាយ៉ាងនេះក្តី តែអ្នកជំនាញខាងឧស្សាហកម្មរថយន្តបាននិយាយថា ត្រូវមានការគិតពិចារណាលើកត្តាជាច្រើន រួមទាំងផ្នែកពន្ធផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
របាយការណ៍មួយចេញផ្សាយដោយ Automotive News Canada បានឲ្យដឹងថា BYD គ្រោងនឹងចូលទៅក្នុងទីផ្សាររថយន្តកាណាដា ដើម្បីពង្រីកវត្តមានរបស់ខ្លួននៅតំបន់អាមេរិកខាងជើង។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិនមួយនេះ បានផលិតឡានក្រុងអគ្គិសនីរួចហើយនៅតំបន់អាមេរិកខាងជើង។ ក្នុងឯកសារសាធារណៈមួយដែលបង្ហាញកាលពីចុងខែកក្កដាកន្លងទៅ បានបង្ហាញថា អ្នកតំណាងឱ្យ BYD បានចុះឈ្មោះជាមួយរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋ Ontario ដើម្បីសុំយោបល់លើបញ្ហាទាក់ទងនឹងការចូលទីផ្សារកាណាដា សម្រាប់ការលក់រថយន្តអគ្គិសនីដឹកអ្នកដំណើរ និងការបង្កើតអាជីវកម្មថ្មី និងការអនុវត្តពន្ធលើរថយន្ត EVs។
ក្រុមហ៊ុន BYD ក៏មានគម្រោងសាងសង់រោងចក្រមួយនៅប្រទេសម៉ិកស៊ិក ដែលនឹងចំណាយពេលពី ២ទៅ៣ឆ្នាំ ដើម្បីបើកដំណើរការ។ ការកំណត់តម្លៃប្រកួតប្រជែងរបស់ BYD អាចផ្តល់ឱ្យក្រុមហ៊ុននេះនូវអត្ថប្រយោជន៍មួយនៅក្នុងប្រទេសកាណាដា។ នេះបើតាមការលើកឡើង លោក John Holmes សាស្រ្តាចារ្យទទួលបន្ទុកនៅសាកលវិទ្យាល័យ Queen's University ក្នុងរដ្ឋ Ontario ដែលមានជំនាញខាងសេដ្ឋកិច្ចនយោបាយនៃឧស្សាហកម្មរថយន្តនៅអាមេរិកខាងជើង។
គួរជម្រាបថា ក្រុមហ៊ុន BYD មានវត្តមានលើទីផ្សារជាសកលរួចហើយ ដូចជានៅបណ្តាទីផ្សារមជ្ឈិមបូព៌ា និងអូសេអានីជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មិនទាន់មានគម្រោងលក់រថយន្តដឹកអ្នកដំណើរ ឬរថយន្តគ្រួសារនៅក្នុងប្រទេសកាណាដាទេ។ ផ្ទុយទៅវិញ BYD គ្រោងចេញលក់រថយន្តជាប្រភេទរថយន្តក្រុងនៅកាណាដា ដូចនៅអាមេរិកដែរ។ ពាក់ព័ន្ធនឹងវិស័យពន្ធដារ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានប្រកាសបង្កើនពន្ធនាំចូល ១០០% ដើម្បីធ្វើការរិតបន្តឹងការនាំចូលរថយន្តអគ្គិសនីរបស់ចិន ចូលទៅកាន់ទីផ្សាររបស់អាមេរិក៕