(បរទេស)៖ ក្រុមហ៊ុន Sony នៅថ្ងៃពុធសប្តាហ៍នេះបានប្រកាសពីការកើនឡើងប្រាក់ចំណេញប្រតិបត្តិការ ១០% លើការរកបានចាប់ពីមេសាដល់ខែមិថុនា ដោយបានយកឈ្នះលើការប៉ាន់ស្មានរបស់អ្នកវិភាគ។ មូលហេតុដែលធ្វើឲ្យក្រុមហ៊ុននេះកើនឡើងប្រាក់ចំណេញ គឺដោយសារតែការជំរុញដោយអាជីវកម្មឧបករណ៍ចាប់សញ្ញារូបភាព ដែលឈានមុខគេក្នុងឧស្សាហកម្មរបស់ Sony។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។

ប្រាក់ចំណេញនៅក្រុមហ៊ុនបច្ចេកវិទ្យា និងកម្សាន្តរបស់ជប៉ុន Sony គឺមានចំនួន ២៧៩ពាន់លានយ៉េន (១.៩០ពាន់លានដុល្លារ) ធៀបនឹងការប៉ាន់ប្រមាណជាមធ្យម ២៧៥ពាន់លានយ៉េន ពីអ្នកវិភាគមកពីស្ថាប័ន LSEG ។ ក្នុងនោះ គេមើលឃើញថា ផលប៉ះពាល់នៃអាត្រាប្តូរប្រាក់បរទេស និងការលក់កាន់តែខ្ពស់ បានជួយរកប្រាក់ចំណេញនៅក្នុងអាជីវកម្មឧបករណ៍ចាប់សញ្ញារូបភាព ដែលជាផលិតផលដ៏សំខាន់សម្រាប់ក្រុមហ៊ុននេះ។

នៅក្នុងត្រីមាសទីមួយ Sony បានលក់ឧបករណ៍ PlayStation 5 (PS5) ចំនួន ២.៤លានគ្រឿង តិចជាងឆ្នាំមុន ប៉ុន្តែបានកក់ប្រាក់ចំណេញកាន់តែច្រើននៅក្នុងអាជីវកម្មហ្គេម។ ក្រុមហ៊ុននេះបាននិយាយកាលពីខែឧសភាថា ខ្លួនរំពឹងថានឹងលក់ PS5 នឹងមានចំនួន ១៨លានគ្រឿងក្នុងឆ្នាំសារពើពន្ធនេះ ធៀបនឹង ២០.៨ លានគ្រឿងកាលពីឆ្នាំមុន៕