(បរទេស)៖ កាសែត Chubu Keizai បានរាយការណ៍មកថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានទម្លាក់ផែនការផលិតរថយន្តជាសកលរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ ប្រហែល ៥ភាគរយ ដោយសារតែការផ្អាកផលិតកម្មនៅរោងចក្រក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។

Toyota បានប្រាប់អ្នកផ្គត់ផ្គង់ធំៗថា ការផលិតរថយន្តរបស់ខ្លួននៅទូទាំងពិភពលោកត្រូវបានរំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម ៩.៨លានគ្រឿង ពោលគឺធ្លាក់ចុះពីទំហំផលិតរថយន្តដើមដែលត្រូវបានរំពឹងទុកពីមុន ១០.៣លានគ្រឿង។ ជុំវិញបញ្ហានេះ របាយការណ៍មិនបានបញ្ជាក់លម្អិតនោះទេ ប៉ុន្តែទំនងមកពីកត្តាផ្អាកដំណើរការរោងចក្រក្នុងស្រុកចំនួន ១៤កាលពីឆ្នាំមុនដែលបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិត។

គួរជម្រាបដែរថា នេះជាលើកទីមួយហើយ ដែលការផលិតរថយន្តជាសកលរបស់ក្រុមហ៊ុន Toyota សម្រាប់ឆ្នាំប្រតិទិន ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះក្រោមកម្រិតកាលពីឆ្នាំមុនក្នុងរយៈពេល ៤ ឆ្នាំមកនេះ៕