(បរទេស)៖ យោងតាមសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុន Nokia និង Swisscom បានប្រកាសពីភាពជាដៃគូក្នុងដាក់ពង្រាញបណ្តាញ Drones-as-a-Service (DaaS) នៅទូទាំងប្រទេសស្វីស ក្នុងគោលបំណងពង្រឹងសមត្ថភាពឆ្លើយតបពេលមានអាសន្ន និងសម្រួលដល់ការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ហ្វាំងឡង់ Nokia នឹងផ្គត់ផ្គង់ Drone ប្រមាណ ៣០០គ្រឿង ខណៈដែលក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត Swisscom នឹងដើរតួនាទីជាអ្នកមើលការខុសត្រូវ និងដាក់ដំណើរការ Drone ឬ Drones-as-a-Service (DaaS) នៅទូទាំងប្រទេស។ សេវាកម្មនេះ នឹងអនុញ្ញាតឱ្យភ្នាក់ងារសុវត្ថិភាពសាធារណៈ ដូចជាប៉ូលីស និងអ្នកពន្លត់អគ្គីភ័យ អាចស្នើសុំប្រើប្រាស់បានគ្រប់ពេលវេលា ព្រមទាំងអាចចូលប្រើទិន្នន័យដែលប្រមូលបានក្នុងអំឡុងពេលប្រតិបត្តិការផងដែរ។
DaaS គឺជាគំរូអាជីវកម្មដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ Drone តាមតម្រូវការ ដោយមិនចាំបាច់ទិញ ឬដំណើរការ/ បញ្ជាដោយខ្លួនឯងឡើយ។ ពោលគឺ ក្រុមហ៊ុនផ្តល់សេវា Swisscom ជាអ្នកគ្រប់គ្រងគ្រប់ទិដ្ឋភាពទាំងអស់នៃប្រតិបត្តិការ Drone រួមទាំង Hardware, software និងការវិភាគទិន្នន័យដែលទទួលបាន។ លោក Thomas Eder ប្រធានផ្នែកឧស្សាហកម្មបណ្តាញឥតខ្សែនៅ Nokia បានប្រាប់ Reuters ថា បច្ចេកវិទ្យានេះ ក៏នឹងអាចបើកការត្រួតពិនិត្យពីចម្ងាយនៃខ្សែថាមពល បន្ទះស្រូបពន្លឺព្រះអាទិត្យ (solar) ឬហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន។ លោកបានគូសបញ្ជាក់ថា «ឱ្យតែកន្លែងណាដែលគ្រោះថ្នាក់ មិនអាចបញ្ជូនមនុស្សទៅបាន គឺអាចស្នើសុំ Drone បានគ្រប់ពេល»។
គួរជម្រាបដែរថា ក្រុមហ៊ុន Nokia និង Swisscom បាននិយាយថាពួកគេនឹងសហការជាមួយនិយតករអាកាសចរណ៍ និងវិសាលគម ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ការពារទិន្នន័យ និងកំណត់តំបន់មិនអាចហោះហើរបាន ដើម្បីជៀសវាងបញ្ហាដែលអាចកើតឡើង៕